(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំណុះក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ)។
លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាប្រធានក្រុមការងារ យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ បានរាយការណ៍អំពីលទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបាន។ លទ្ធផលការងារទាំងនោះ មានដូចជាការរៀបចំរចនាសម្ព័ន្ធនិងសមាសភាព ការចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត NUM ឆ្នាំ២០២២ បញ្ជូនក្រុមការងារចូលរៀនវគ្គសិក្សាស្តីពីការបញ្ចូលសមាជិកតាម App ស.ស.យ.ក. ផ្សព្វផ្សាយលើកទឹកចិត្តឱ្យនិស្សិតចុះឈ្មោះចូលជាសមាជិក ស.ស.យ.ក. និងបានណាត់ជួបណែនាំនិស្សិតឱ្យយល់ដឹងអំពីវិធីចុះឈ្មោះតាមរយៈ App។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ បានបន្ដថា សកម្មភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យបានដើរតួនាទីសំខាន់ក្នុងការរួមចំណែកជួយដល់និស្សិត ពង្រឹងសមត្ថភាពទំនាក់ទំនង ការដោះស្រាយបញ្ហា ការដឹកនាំ និងការចូលរួមការងារសហគមន៍ ធ្វើឱ្យនិស្សិតកាន់តែយល់ច្បាស់ថាយុវជនម្នាក់ៗ គឺជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកជួយកិច្ចការសង្គម មិនមែនបញ្ហាសង្គមនោះទេ។
បន្ថែមពីនេះ លោកបណ្ឌិត ហោ ប៉េង ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.) ដែលបានបង្ក លក្ខណៈដល់សាកលវិទ្យាល័យជាតិគ្រប់គ្រងជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេ ក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន១១៤ ដើម្បីធ្វើការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកនិងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសនោះ។
នៅក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមធ្វើសកម្មភាពជាប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីឆ្នាំ២០១២ ដើម្បីបន្តពីសកម្មភាពអតីតយុវជនរៀមច្បង ដោយរហូតមកដល់ពេលនេះ ស.ស.យ.ក. បានពង្រីកសកម្មភាពជាច្រើន គ្រប់រាជធានី-ខេត្ត ដូចជាសកម្មភាពចូលរួមអប់រំនិងបណ្តុះមនសិការយុវជន សកម្មភាព ផ្នែកវប្បធម៌ មនុស្សធម៌ សប្បុរសធម៌ ការចូលរួមជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានា ការចូលរួមជួយការងារ សហគមន៍ជាដើម។
លោកបានបន្ថែមថា ដើម្បីជួយបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀតកាលពីខែកុម្ភៈ ឆ្នាំ២០២១ ស.ស.យ.ក. បានបង្កើតអង្គភាពចំណុះបន្ថែមមួយគឺ «ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ស.ស.យ.ក» ដែលដឹកនាំដោយ លោក ស សុខា ក្នុងគោលបំណងដើម្បីប្រមូលកម្លាំងយុវជនជួយសង្គមជាតិ និងប្រជាពលរដ្ឋចូលរួមចំណែកអប់រំយុវជនឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ និងក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពលរបស់ជាតិសម្រាប់បន្តវេន។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានបន្តទៀតថា ក.យ.គ ក៏មានគោលដៅបណ្តុះមនសិការយុវជនឱ្យស្រឡាញ់សន្តិភាព វប្បធម៌ អត្តសញ្ញាណជាតិ បរិស្ថាន ព្រមទាំងគាំទ្ររាល់សកម្មភាពរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា និងចូលរួមចំណែកក្នុងការអប់រំណែនាំនិងបញ្ចៀសយុវជនឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើខុសច្បាប់នានា ព្រមទាំងណែនាំនិងតម្រង់ទិសយុវជនក្នុងការរៀបចំផែនការជីវិត ដើម្បីភាព ជោគជ័យនិងអនាគតភ្លឺស្វាងរបស់ពួកគេផងដែរ៕