(កណ្តាល)៖ លោក ហុង សុហួរ ប្រធានក្រុមការងារចលនាអាជីវករ និងសិប្បករស្រុកកៀនស្វាយ និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខដល់អាជីវករ និងសិប្បករ ទាំង៨ឃុំ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
លើកឡើងនាឱកាសនោះ លោក ហុង សុហួរ ក៏បានពាំនាំនូវការផ្តាំផ្ញើដោយក្តីនឹករលឹ ករបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្ស ប្រជាជនចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះជួយស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ជូនដល់អាជីវករ និងសិប្បករ ទាំងអស់ផងដែរ។
បន្ថែមពីនេះលោក ហុង សុហួរ ក៏បានផ្តល់មតិឱ្យមានការបើកកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម ជូនដល់អាជីវករ និងសិប្បករ ដែលត្រូវធ្វើជាប់ជាប្រចាំនៅក្នុងមូលដ្ឋាន ស្រុកកៀនស្វាយ ដោយលើកទឹកចិត្តឱ្យអាជីវករ មានអត្តចរិកម្ចាស់ការក្នុងការធ្វើអាជីវកម្ម និងមានការគិតគូរថ្លឹងថ្លែង រវាងសុខភាព និងអាជីវកម្ម ដោយមិនត្រូវផ្ដោត លើអាជីវក ម្មច្រើនពេក រហូតដល់ប៉ះពាល់ដល់សុខភាពនោះទេ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានធ្វើបទឧទ្ទេសនាមដោយផ្ទាល់លើប្រធានបទ «អាជីវកម្មសម័យទំនើប» ដែលបានរំលេចនូវខ្លឹមសារ គោលការណ៍ អាជីវកម្មសំខាន់ៗ ដូចជា៖ ការចាប់ផ្តើមអាជីវកម្មដោយមានគុណតម្លៃច្បាស់លាស់, ការដំណើរការអាជីវកម្មដោយប្រើប្រាស់ឱ្យអស់នូវសក្ដានុពល, ការពង្រីកអាជីវកម្មទៅតាមឱកាសទីផ្សារ និងការរៀបចំគម្រោងសម្រាប់អនាគតរបស់អាជីវកម្ម ដែលសុទ្ធសឹងជាគន្លឹះធ្វើឱ្យអាជីវកម្មមានភាពទាក់ទាញ, មានឱកាសរីកចម្រើន និងមានឱកាសកៀរគរទុន ពីដៃគូវិនិយោគផងដែរ៕