(សៀមរាប)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានបើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមមួយខែ្ស ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ដែលតភ្ជាប់ទៅភូមិត្រពាំងទូក ឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ដែលរងការខូចខាត។
ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុល នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានលើកឡើងថា ផ្លូវនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានផ្លូវគឺមានក្តីសង្ឃឹម។ ផ្លូវគ្រួសដីក្រហមមួយខ្សែនេះ មានប្រវែង ១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ទៅតភ្ជាប់ភូមិត្រពាំងទូក ឃុំជប់តាត្រាវ ក្នុងភូមិសាស្ត្រស្រុកអង្គរធំ និងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ធក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងទៅមណ្ឌលសុខភាពបានទាល់ពេលផងដែរ។ ក្នុងរយៈពេលកន្លងមកដោយផ្លូវនេះ ឃុំគ្មានថវិកាធ្វើការជួសជុលទើបរដ្ឋបាលស្រុក និងក្រុមការងារ បានធ្វើការកៀរគរប្រមូលសប្បុរសជន ដើមី្បរួមគ្នាធ្វើការជួសជុលផ្លូវនេះឡើងវិញ ដោយមានការស្ម័គ្រចិត្តពីក្រុមហ៊ុនរថយន្តដឹកដីចូលរួមជួសជុលដោយឥតគិតកម្រៃ ក្រោមការជួយឧបត្ថម្ភ ប្រេងឥន្ធនៈ ពីក្រុមការងារ អាជ្ញាធរស្រុក ឃុំ និងសប្បុរសជនផងដែរ។
ចំណែកលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាប្រធានកិត្តិយសក្រុមការងារចុះ មូលដ្ឋានឃុំពាក់ស្នែង បានគូសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់គ្នា បានជ្រោងទង់សាមគ្គីគ្នាឡើង ក្នុងការការពារថែរក្សាសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកប្រតិបត្តិករសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានមានភាពល្អប្រសើរ ទោះបីប្រទេសជាតិ ក៏ដូចពិភពលោកទាំងមូលជួបវិបត្តិកូវិដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំពុះពារស្វែងរកនូវវ៉ាក់សាំងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ធដោយឥតគិតថ្លៃផងដែរ។
លោកក៏បានថ្លែងអំណរគុណចំពោះស្មារតីចូលរួមរបស់សប្បុរសជន ក្នុងការជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដែលបានរងការខូចខាត ដោយការដឹកជញ្ជូនលើសទម្ងន់នៃផ្លូវជនបទ។ ម៉្យាងទៀតផ្លូវបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកបម្រើផលប្រយោជន៍បងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាសាធារណៈជនទូទៅ ស្របតាមផែនការរបស់រដ្ឋបាលស្រុក តែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង និងស្របតាមសូចនាករនៃគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង៕