(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពី លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីសំណេះសំណាលនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងនោះក៏មានការចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង, លោកស្រី កែវ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធ បានឡើងរាយការណ៍ស្ដីពីការវិវត្ត នៃខេត្តកំពង់ឆ្នាំង ជូនគណៈអធិបតីភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពេលនេះគ្រា ដែលវិស័យសង្គមកិច្ចនិងរបបសន្តិសុខសង្គម ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយភាពក្រីក្រការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។
លោកបន្ដថា កម្មវិធីជំនួយសង្គមសម្រាប់ជនពិការក្រីក្រក្នុងសហគមន៍ ការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ ខេត្តបានចែកប័ណ្ណសង្គមកិច្ច ជូនជនពិការក្រីក្រក្នុងស្រុក ចំនួន១៥៧នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះលោក វង សូត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា គ្រាដែលរាជរដ្ឋាភិបាលនាំយក ចាក់ស្រោច ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការពូជសាសន៍ណានោះឡើយ។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនដែលពេញចិត្ត ហើយមិនត្រូវជឿការញុះញង់របស់ក្រុមអគតិមួយចំនួន ដែលមានមហិច្ឆតាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
នៅបញ្ចប់ពិធី លោករដ្ឋមន្ដ្រី វង សូត បានចែកអំណោយដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេសជនរងគ្រោះដោយសារជំងឺកូវីដ១៩ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ, មីម៉ាម៉ា១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ប៊ីចេងកន្លះគីឡូ, មុង១, កន្ទេល១, សារ៉ុង១ និងថវិកា៥ម៉ឺនរៀល៕