(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានកិច្ចជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីនេះបានរៀបចំធ្វើឡើងនៅការិយាល័យសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមអធិបតីភាពលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, លោក សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន, អភិបាលរងខេត្ត, អភិបាលអភិបាលរងក្រុង/ស្រុក ព្រមសមាជិកសមាជិកា ក្រុមការងារសង្កេតការណ៍បោះឆ្នោត ទូទាំងខេត្តប៉ៃលិន ប្រមាណជាង ៣០០នាក់។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកស្រី បាន ស្រីមុំ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗ ខាងមុខនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ ដូច្នេះ ថ្នាក់ដឹកនាំ និងក្រុមការងារ អ្នកសង្កេតការណ៍បោះឆ្នោត គឺក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ទាំង៨ក្រុង/ស្រុក ព្រមទាំងក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាខេត្តប៉ៃលិន ដែលចូលរួមក្នុងកិច្ចការងារនេះដែរ ត្រូវត្រៀមលក្ខណ:រួចជាស្រេច និងស្គាល់តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីកុំមានបញ្ហាណាមួយកើតឡើង។
លោកស្រី បាន ស្រីមុំ បានបន្តទៀតថា «នៅក្នុងការបោះឆ្នោតនេះ គឺមានបណ្តាអង្គការ សង្គមស៉ីវីល អាចនឹងមានអ្នកសង្កេតការណ៍បរទេស និងមានអ្នកសង្កេតការណ៍មកពីបណ្តាគណបក្សបក្សនយោបាយផ្សេងៗ ចូលរួមដែរ។ យើងត្រូវឃ្លាំមើល សម្របសម្រួល ពិនិត្យបរិវេណជុំវិញ មិនត្រូវអនុញ្ញាតឱ្យអ្នកណាផ្សេង ឬសកម្មជនគណបក្សដទៃចូលទៅក្នុងការិយាល័យបោះឆ្នោតបានឡើយ ដើម្បីជៀសវាងការបញ្ចុះបញ្ចូលទាក់ទាញទឹកចិត្ត ឱ្យប្រជាពលរដ្ឋបោះឆ្នោត ជូនបក្សរបស់ខ្លួន ដោយប្រើវិធីខ្សឹបខ្សៀវសន្យាបោកប្រាស់ជាដើម»។
លោកស្រីបានបញ្ជាក់ទៀតថា នៅមុនថ្ងៃបោះឆ្នោត រយៈពេល ២ទៅ៣ថ្ងៃ អ្នកសង្កេតការណ៍ត្រូវថែទាំសុខភាពឱ្យបានល្អ ពោលគឺលះបង់ការសេពគ្រឿងស្រវឹង ដើម្បីឱ្យសតិស្មារីភ្លឺថ្លា ជៀសវាងកើតមានជំងឺរោគា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនឈរឃ្លាំមើលប្រជាពលរដ្ឋចូលបោះឆ្នោត និងពិនិត្យមើលសន្លឹកឆ្នោតឱ្យបានល្អិតល្អន់ជៀសវាងការលួចបន្លំពីគណបក្សនយោបាយមួយចំនួន ជាពិសេស ត្រូវគោរពពេលវេលា ត្រៀមសម្ភារ: សម្រាប់កត់ត្រាការបោះឆ្នោត បញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យទាំងអស់ ពង្រឹងស្មារតី ការពារលទ្ធផលបោះឆ្នោត ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព យុត្តិធម៌ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លើសពីនេះ អ្វីដែលត្រូវបំពេញគឺភាពក្លាហានរបស់ក្រុមការងារ បើមានសភាពការណ៍ណាមិនប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់។ ទោះបីជាយ៉ាងណា អ្នកសង្កេតការណ៍ ក៏កុំភ្លេចបោះឆ្នោតខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយក៏ត្រៀមឱ្យមានក្រុមគ្រូពេទ្យចល័តនៅតាមបណ្ឌលនីមួយៗ ដើម្បីការពារបញ្ហាជំងឺកើតឡើងដល់ក្រុមការងារ ឬប្រជាពលរដ្ឋពេលចូលទៅបោះឆ្នោតផងដែរ៕