(ត្បូងឃ្មុំ)៖ ដើម្បីបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជាឲ្យកាន់តែច្បាស់ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ជូនដល់សមាជិកសមាជិកា ស ស យ ក ខេត្ត ក្រោមអធិបតីភាពលោក ឈួន វ៉ន់ ប្រធានផ្នែកដឹកជញ្ជូននៃ ស ស យ ក ក្នុងវិស័យសាធារណៈការ និងដឹកជញ្ជូន និងលោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈខេត្ត លោក គង់ សុភាព ប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង សមាជិក សមាជិកា ស ស យ ក ក្រុង /ស្រុក/ខេត្ត/មន្ទីរ ដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស មានការចូលរួមទាំងអស់គ្នា ក្នុងការបើកបរយានយន្តត្រូវគោរពទៅតាមល្បឿនកំណត់ ដោយច្បាប់ចរាចរណ៍ ព្រោះល្បឿនជាមូលហេតុចំបងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមុននឹងចេញដំណើរបើកបរតាមដងផ្លូវសាធារណៈ ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្តិភាពរាល់ពេលធ្វើដំណើរតាមដងផ្លូវ។
លោកបន្ដថា៖ ការបើកបរលើសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ និងក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុចម្បងជាក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រហូតដល់បាត់បង់ជីវិតមនុស្ស និងខាត់បង់សេដ្ឋកិច្ចជាតិដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២០នេះ មានចំនួនប្រមាណ៣៧៩លានដុល្លាអាមេរិក ស្មើនឹង១.៥% នៃGDPសរុបផងដែរ។
លោក ឈួន វ៉ន់ ប្រធានផ្នែកដឹកជញ្ជូននៃ ស ស យ ក ក្នុងវិស័យសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់ បានផ្ដល់នូវព័ត៌មាន និងចំណេះដឹង ពីផលប្រឈមនៃការបើកបរហួសល្បឿនកំណត់ ពាក់ព័ន្ធបញ្ញតិ្តច្បាប់ចរាចរណ៍ និងឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ខំប្រឹងកំពុងពុះពារយ៉ាងសកម្ម ក្នុងការទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោក ឈួន វ៉ន់ ក៏បានដាស់តឿនដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសជាតិយើង ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យុវជនសសយកខេត្ត គឺជាគំរូដល់ល្អក្នុងការគោរព និងអនុវត្តច្បាប់ ហើយបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែងរបស់យុវជនផងដែរ។ នាឱកាសនោះ គណអធិបតីបានចែក និងពាក់មួកសុវត្ថិភាពជូនដល់អ្នកចូលរួម ក៏ដូចជាថតរូបអនុស្សាវរីយ៍ផងដែរ៕