(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា «សៀវភៅសការពារជាតិ» បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាក ក្នុងការកសាងគោលនយោបាយ ការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាមនៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។
ការលើកឡើបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
បើតាមសម្តេចពិជ័យសេនា បានឱ្យដឹងថា ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា និយាយដល់រឿងសន្តិភាព គឺមានតម្លៃគ្មានអ្វីប្រៀបផ្ទឹមសម្រាប់កម្ពុជា។ ក្នុងឋានៈជាប្រជាជាតិមួយដែលធ្លាប់ទទួលរងនូវភាពហិនហោចខ្លោចផ្សា សោកនាដកម្មដ៏ជូរចត់ និងការបាត់បង់ដ៏ធំធេងដោយសារសង្គ្រាម កម្ពុជាចាត់ទុកសន្តិភាពជាដួងកែវនៃការរស់រានជាថ្មី ជាមូលដ្ឋានរឹងមាំនៃវិបុលភាព និងភាពសុខដុមរមនារបស់ប្រជាជន»។
សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា សន្តិភាព និងឯកភាពជាតិពេញលេញ ដែលបានមកដោយសារពលិកម្ម ស្មារតីបង្រួបបង្រួមជាតិ និងនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើម និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺពិតជាមូលដ្ឋានគ្រឹះនៃភាពចម្រើនរុងរឿងនាពេលបច្ចុប្បន្ន ដែលមិនអាចបដិសេធបានធ្វើឱ្យប្រទេសជាតិស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិ អាចចែករំលែកបទពិសោធន៍ល្អៗជាមួយអ្នកដទៃ រហូតឈានដល់មានសមត្ថភាពអាចបញ្ជូនកម្លាំងទៅជួយសម្រាលការលំបាករបស់ប្រទេសមួយចំនួន ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
«ក្នុងមនសិការស្រឡាញ់សន្តិភាពប្តូរផ្តាច់ យើងរមែងចងចាំនូវប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងអំពីសច្ចៈភាព នៃការកសាង និងថែរក្សាសន្តិភាព និងឯកភាពជាតិមកដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនេះ ការកសាង និងថែរក្សានូវនិមិត្តរូប និងតឹកតាងប្រវត្តិសាស្ត្រ គឺជាកាតព្វកិច្ចមួយដែលកងយោធពលខេមរភូមិន្ទត្រូវបំពេញដើម្បីជាការរំលឹក និងចងចាំនូវគុណូបការៈរបស់នយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យយើងរាល់គ្នា រួមទាំងអ្នកដែលបរិហាររិះគន់នយោបាយឈ្នះឈ្នះផងដែរ បានរស់នៅប្រកបដោយសុខដុមរមនា មានឱកាសកសាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងគ្រួសារឱ្យមានភាពប្រសើរឡើងជាលំដាប់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា «មានតែអ្នកឈ្នះទេ ដែលត្រូវនិងអាចសរសេរប្រវត្តិសាស្ត្រ»។ អនុវត្តតាមទស្សនៈដ៏ត្រឹមត្រូវនេះ។ យើងគប្បីឱ្យប្រវត្តិសាស្ត្រសរសេរ និងចារឹកអំពីយើងសម្រាប់មនុស្សជំនាន់ក្រោយ»។ នេះជាការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់៕