(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ សូមកុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច ជៀងវាងការខាតបង់ថវិកា និងពេលវេលា។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
ការបញ្ជាក់របស់ក្រសួងការងារខាងលើនេះ ក៏ដោយសារកន្លងមកក្រសួងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថាអាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
ក្រសួងការងារបានបញ្ជាក់ទៀតថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់ មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តនៃប្រទេសទទួលនៅឡើយ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការងារបានបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា «បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅ ប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលពលករត្រូវចំណាយ ជាពិសេសលើយន្តការនៃការបញ្ជូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស»។
ករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈ ដូច្នេះសូមប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់កុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូចទាំងនោះ ជៀងវាងការខាតបង់ថវិកា និងពេលវេលា៕