(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» ដើម្បីកៀរគរការបរិច្ចាគឈាមពីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិត អ្នកដែលមានតម្រូវការឈាមបន្ទាន់ ។
យុទ្ធនាការបរិច្ចាគឈាម «សង្គ្រោះជីវិតខ្ញុំ» ត្រូវបានរៀបចំឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជន ដោយមានអ្នកចុះឈ្មោះចូលរួមសរុបប្រមាណជាង ៧០០នាក់។
យុទ្ធនាការបរិច្ចាគឈាម នេះធ្វើឡើង ស្របពេលដែល តម្រូវការឈាមដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។
បន្ថែមពីលើការបរិច្ចាគឈាម សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀលបន្ថែម សម្រាប់ឈាមមួយប្លោកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាន៍ថា៖ «ក្រោមកិច្ចសហការពីស្ថានប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» មានគោលបំណងធំៗ ចំនួនបីគឺ៖ ទី១. កៀរគរការបរិច្ចាគឈាមពីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិត អ្នកដែលមានតម្រូវការឈាមបន្ទាន់ ទី២. បរិច្ចាគថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ទី៣. លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម»។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានប្រៀបធៀបសារៈសំខាន់របស់វិស័យធនាគារ ទៅនឹងឈាម ដោយបានបញ្ចាក់ថា៖ «វិស័យធនាគារ ត្រូវបានប្រៀបធៀបជាបេះដូងនៃសេដ្ឋកិច្ចជាតិ។ ហេតុដូចនេះ ការផ្តល់សេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាសសៃឈាម ដែលនាំឈាមទៅចិញ្ចឹមរូបកាយរបស់មនុស្ស។ វិស័យធនាគារ ក៏បាននិងកំពុងចូលរួមការងារមនុស្សធ៌មជាច្រើន ដូចជា ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាង
ហេដ្ខារចនាសម័្ពន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស និងការងារមនុស្សធ៌មផ្សេងៗទៀតជាដើម។ ដោយពិនិត្យឃើញថា តម្រូវការឈាមនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលអ្នកបរិច្ចាគឈាមមិនបានគ្រប់គ្រាន់តាមតម្រូវការ ទើបថ្ងៃនេះ យើងជួបជុំគ្នាចូលរួមយុទ្ធនាការស្តីពី “សង្គ្រោះជីវិតខ្ញុំ” និងបន្ថែមជាមួយការប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។
លោកស្រី តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញតំណាង លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងថា ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជាក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត»។
លោក ស្រីបន្ថែមផងដែរថា៖ «យុទ្ធនាការបរិច្ចាគឈាម និង ការបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ នឹងវិវត្តក្លាយទៅជាចលនាជាតិ ដែលមានភាពសកម្មរស់រវើក និងរីកសាយភាយទូទាំងផ្ទៃប្រទេស ដើម្បីជាចំណែកនៃការចូលរួមលើកកម្ពស់មនសិការខ្មែរជួយខ្មែរ និងស្មារតីនៃវប្បធម៌ចែករំលែក ព្រមទាំងធានាឱ្យបាននូវខឿនសុវត្ថិភាពនៃ វិស័យសុខភាពសាធារណៈ ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពធនធានមនុស្សដែលមានភាពធន់ និងរឹងមាំសម្រាប់អនាគតកម្ពុជា»។
លោក ដុស ឌីន ប្រធានគណកម្មការទំនាក់ទំនងសាធារណៈនិងកិច្ចការសង្គម និង ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែង ថា៖ «ខ្ញុំបាទសង្ឃឹមថាការចូលរួមកិច្ចការសង្គមនាថ្ងៃនេះ នឹងជាក្លាយជាចំណែកមួយទៀតសម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចដែលយើងបាននិងកំពុងធ្វើជាងបីទសវត្សរ៍ក្នុងការជួយឱ្យប្រជាជនកម្ពុជាបង្កើនជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ វិស័យនេះមានឫសគល់ នៅក្នុងការ បម្រើបេសកម្មសង្គម ដើម្បីធ្វើឱ្យប្រទេសមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើតឱកាសដល់ ប្រជាជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដែលមានការការពារ អតិថិជន ដែលក្នុងន័យនេះវិស័យបានរួមចំណែក ក្នុងការលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជា៕