(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នំា២០២២ ដោយមានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក ប៊ុន សុន្ទរុង្គ អគ្គនាយករងនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (Institute of Finance and Accounting-IFA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការអភិវឌ្ឍធនធានមនុស្សលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងវិស័យមូលបត្រ»។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតនូវកិច្ចសហប្រតិបត្តិការរវាងនិយ័តករមូលបត្រកម្ពុជា និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងការអភិវឌ្ឍធនធានមនុស្ស លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងការផ្តល់ឱកាសហ្វឹកហាត់ការងារ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃនិយ័តករមូលបត្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងមន្ត្រីជំនាញនៃ និយ័តករមូលបត្រកម្ពុជាផងដែរ៕