(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធផែនការផ្សព្វផ្សាយព័ត៌មានបំផុល នៅតាមបណ្ដាញសង្គម ដែលនាំឲ្យមានការដាក់ទម្ងន់ និងការវាយតម្លៃខុសពីការពិត លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងរដូវកាល នៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺនូវការបំផុសឱ្យមានការចាប់អារម្មណ៍ព័ត៌មានពីអ្នកនយោបាយមួយចំនួន ដែលរំលេចឡើងពីសភាពការណ៍ និងបរិយាកាសចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាពនយោបាយ ដែលជាកិច្ចចូលរួមស្របច្បាប់ ក្នុងសកម្មភាពបោះឆ្នោត ក៏ប៉ុន្តែគេកម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុនោះណាស់ ក្នុងន័យនេះ ព័ត៌មានទាំងអស់នោះ គឺគ្រាន់តែជាការបំផុស បង្កើតទឡ្ហីករណ៍នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផលធ្វើឱ្យប៉ះពាល់ទៅលើលទ្ធផលការបោះឆ្នោតតែប៉ុណ្ណោះ។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ការបង្ហោះផ្សព្វផ្សាយព័ត៌មានទាំងនេះ វាក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់ នៅក្នុងរដូវនៃការបោះឆ្នោត ពីគណបក្ស និងអ្នកនយោបាយ ដែលតាំងខ្លួនជាអ្នកប្រឆាំង គឺគេមិនបានតាំងខ្លួនជាអ្នកចូលរួមក្នុងកិច្ចកសាង ឬពង្រឹងឥរិយាបថតម្រូវការសង្គមប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។
អង្គភាពអ្នកនាំពាក្យ ក៏សូមបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែរំលឹកដល់មន្ត្រីគ្រប់ស្ថាប័ន ឲ្យចូលរួមការពារបរិយាកាស ឲ្យបានល្អប្រសើរ ដើម្បីកសាង និងពង្រឹងប្រជាធិបតេយ្យ នៅក្នុងថេរវេលា សម័យកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
យើងទាំងអស់គ្នាក៏ទទួលស្គាល់ថា អស់រយៈពេលជាង៤០០ឆ្នាំកន្លងមក កម្ពុជាពុំដែលមានភ័ព្វវាសនា នៃឱកាសកសាងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានរបស់ខ្លួននោះឡើយ អាស្រ័យហេតុដូច្នេះ ឱកាសនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា ក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ នោះបើមានព្រឹត្តិការណ៍មិនប្រក្រតីណាមួយកើតឡើង សូមមេត្តារាយការណ៍ជម្រាបជូនគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធនៅតាមឃុំ-សង្កាត់ ដើម្បីរក្សាប្រក្រតីភាព និងតម្លៃនៃកិច្ចកសាងលទ្ធិប្រជាធិបតេយ្យរបស់សង្គមជាតិយើងទាំងមូល៕