(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងារឲ្យរៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំបដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀតអំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែលបានប្រៀនប្រដៅដល់មនុស្សលោក។
លោកណែនាំបែបនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពេលដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនទៅតាមផែនទាំងបី (ផែនប្រសូត ផែនត្រាស់ដឹង និងផែនបរិនិព្វាន) និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលនឹងធ្វើការរៀបចំនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះ លោក សុខ លូ បានណែនាំដល់ក្រុមការងារទាំងអស់ រៀបចំសមាសភាព សម្រាប់មន្ទីរអង្គភាពជុំវិញខេត្តចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមានអ្នកទទួលខុសត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះឲ្យបានហើយស្រេច ដើម្បីត្រៀមលក្ខណៈក្នុងការមានការសង្រ្គោះបឋមពេលកំពុងដង្ហែរក្បួនវិសាខបូជា។
លោកបានប្រាប់ដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលក្នុងនោះមានការដង្ហែក្បួន លោកនឹងស្វាគមន៍ជានិច្ចដល់ពុទ្ធបរិស័ទដែលមានបំណងចូលរួម ក្នុងពិធីនេះឲ្យកាន់តែមានភាពអធិកអធមក្រៃលែង ដែលឆ្នាំនេះ ជាឆ្នាំដំបូងក្នុងការដំណើរការហែក្បួនបុណ្យវិសាខបូជានេះ បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយដោយឡែកនៅឆ្នាំនេះ ដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចជោគជ័យ ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឲ្យមានការរៀបចំពិធីបុណ្យធំៗផ្សេងៗទៀត ដែលអនុញ្ញាតដល់រដ្ឋបាលខេត្តបាត់ដំបងអាចដំណើរការរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខនេះបាន៕