(រតនគិរី)៖ លោក មួង ប៉យ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល និងណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវត្រៀមរៀបចំដំណើរការឃោសនានៅពេលបោះឆ្នោតខាងមុខឲ្យបានល្អប្រសើរ និងត្រូវត្រៀមឯកសារមួយចំនួនដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោក មួង ប៉យ បានថ្លែងថា ដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតកាន់តែខិតជិតមកដល់ហើយ ដូច្នេះបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់រួមនឹងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំការឃោសនា និងធ្វើការពន្យល់ឲ្យបានក្បោះក្បាយជូនប្រជាពលរដ្ឋឲ្យបានដឹងពីសមិទ្ធផលមួយចំនួន ដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាបានធ្វើជូនប្រជាពលរដ្ឋដូចជាបម្រើសេវា ការកសាងសាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្លូវថ្នល់ ការកសាងស្ពានជាដើម ជាពិសេសនៅពេលដែលពួកគាត់ជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលនៅជាមួយបងប្អូនគ្រប់ពេលវេលា។

លោក មួង ប៉យ ក៏បានណែនាំដល់មន្ត្រគណបក្សប្រជាជនត្រូវឆ្លើយតបឲ្យទាន់ពេលវេលារាល់ការចោទប្រកាន់ឫបក្សយើងពីពួកអគតិ ដោយធ្វើការពន្យល់ឲ្យពួកគាត់កុំឲ្យចាញ់បោកការឃោសនាបោកប្រាស់ទាំងអស់នោះ។

បន្ថែមលើនេះទៀត លោក មួង ប៉យ ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឫលិខិតបញ្ជាក់មួយចំនួននៅពេលអ្នកទៅបោះឆ្នោត ហើយបើបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់សូមទៅសាលាឃុំ ដើម្បីសុំការបញ្ជាក់ពីអាជ្ញធរមូលដ្ឋានទើបបងប្អូនអាចចូលរួមបោះឆ្នោតបាន ហើយនៅពេលទៅបោះឆ្នោតសូមគូសឲ្យចំឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១នៃសន្លឹកឆ្នោត៕