(ព្រៃវែង)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន ក្រោមការជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) និងប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។

ពិធីនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជុំវិញខេត្ត។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តព្រៃវែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសិមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ដែលយើងបានដឹងឲ្យអស់ពីខេត្តព្រៃវែង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជនខេត្តព្រៃវែងប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរខេត្តព្រៃវែង ជាខេត្តមីន។ ទោះបីខេត្តព្រៃវែង ត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែខេត្តព្រៃវែង នៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត លើផ្ទៃដីប្រមាណ ១៦៤ គីឡូម៉ែត្រក្រឡា សរុប ១២៩៨ ចម្ការគ្រាប់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»

ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនខេត្តព្រៃវែង លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ ព្រមទាំងបានបើកទ្វារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងការបន្តកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមីន បាននឹងកំពុងពិចារណា និងពិនិត្យលទ្ធភាពស្វែងរកដៃគូរ និងសប្បុរជននានា ដើម្បីធ្វើការបោសសម្អាតមីនអោយអស់ដែលបានដឹងលើខេត្តចំនួន ០៥ ដែលមានប៉ះពាល់តិចជាងគេ រួមមាន ៖ ១/.ខេត្តកំពង់ចាម មានផ្ទៃដី ៩៨ ហិកតា ២/.ខេត្តព្រះសីហនុ មានផ្ទៃដី ១៧៤ ហិកតា ៣/. ខេត្តរតនគិរី មានផ្ទៃដី ២៧៥ ហិកតា ៤/. ខេត្តកំពង់ឆ្នាំង មានផ្ទៃដី ៣២៨ ហិកតា និង៥/. ខេត្តតាកែវ មានផ្ទៃដី ៣៦៣ ហិកតា។

លោក Anthony Galliano ប្រធាន AmCham បានមានប្រសាសន៍ថា ក្រុមប្រឹក្សា AmCham មានកិត្តិយសដែលបានចូលរួមអបអរសាទរប្រែក្លាយខេត្តព្រៃវែងជាខេត្តអស់មីន តាមរយៈអាជ្ញាធរមីន ដែលជាការរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា។ លោកប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកដោះមីនកម្ពុជា ដែលបានធ្វើការទាំងប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត ក្នុងការរំដោះផ្ទៃដីមានមីន និងជួយសង្រ្គោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា៕