(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលពង្រីកផ្លូវលំមួយខ្សែ ប្រវែងជាង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងនាឱកាសនោះលោក លឹម សៀងហេង បានអះអាងថា ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែងជាង ៣០០ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ ព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរ ទឹកផងដែរ។ ថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះ គឺបានមកពីការចូលរួមពីសំណាក់សប្បុរសជន ជាពិសេសក្រុមការងារចុះ ជួយភូមិច្រកលាវ សង្កាត់បាវិតនេះតែម្តង។

លោក លឹម សៀងហេង បានបន្តទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវ ដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលា ដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។

ទាក់ទងនឹងការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះដែរ លោក លឹម សៀងហេង ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ។ ជាមួយគ្នានោះលោកក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕