(រតនគិរី)៖ ក្នុងឱកាសដែលលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាំយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ផ្តល់ជូនកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅក្រុងបានលុង ខេត្តរតនគិរី បាននាំគ្នាគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកាត់ឆ្វៀល ដីពីក្រុមហ៊ុនហ្វីសរ៉ាប់ប័រ លីមីតធីត និងផ្តល់ប័ណ្ណកម្មសិទ្ធដីជូនពួកគាត់វិញ។

យោងតាមលិខិតថ្លែងអំណរគុណ ក្រុមប្រជាពលរដ្ឋបានលើកឡើងដូចនេះថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលសម្តេចតេជោនាយករដ្ឋមន្តី បានចេញអនុក្រឹត្យកាត់ដីកៅស៊ូរដ្ឋឡាបានសៀក ដោយចាត់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ជាសេនាធិការ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលបានរស់នៅប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងជាយូរមកហើយ។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្តីសោមនរីករាយយ៉ាងក្រៃលេង និងដឹងគុណដ៏ឧដុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាសម្តេចតេជោ និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ កម្លាំងពលំមាំមួន ដើម្បីដឹកនាំ ប្រទេសកាន់តែមានការរីកចម្រើនបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ»

ចំពោះមុខប្រជាពលរដ្ឋដែលបានថ្លែងអំណរគុណសម្តេចតេជោ លោក ញ៉ែម សំអឿន បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសម្តេចបានចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋ គឺជាលំបាករបស់សម្តេច ជាក់ស្តែងការ កាត់ឆ្វៀលដីពីក្រុមហ៊ុន និងផ្តល់ជូនប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះគឺជាសក្ខីភាពស្រាប់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលប្រជាពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញ លក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ជាប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះការចុះបញ្ជីគឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលនឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

លោក ញ៉ែម សំអឿន បញ្ជាក់បន្ថែមថា ប័ណ្ណកម្មសិទ្ធិ ដែលប្រជាពលរដ្ឋទទួលបាននេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ ជាឯកសារតំណាង ឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឲ្យកូនចៅ អាស្រ័យហេតុនេះសូមរក្សាប័ណ្ណនេះឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅសង្កាត់កាចាញនាពេលនេះមានចំនួន៤ភូមិ គឺភូមិ ១,២,៣,៤ មានប្រជាពលរដ្ឋចំនួន ១,២៤៥គ្រួសារ លើផ្ទែដីដែលបានកាត់ទំហំ ២២៥ហិកតា ៣៥អា និង ៤០សង់ទីអា ហើយគ្រួសារដែលត្រូវទទួលបានប័ណ្ណមានចំនួន ១,២៤៩ គ្រួសារ ស្មើរនឹង១,២១១ប័ណ្ណ៕