(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី កការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

តាមការប្រកាសរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមាន ទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្មគឺជាគំរូដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្ត្រីដ៏ច្រើនលើសលុប នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។ វិស័យសំខាន់ៗផ្សេងទៀតរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩, ការស្វែងរក អដ្ឋិធាតុទាហានអាមេរិក, ការប្រឆាំងភេរវកម្ម, ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ , ប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម។

លោកស្រីអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការសហប្រជាជាតិ។

លោកស្រីបានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធាន អាស៊ាន របស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។

លោកស្រីក៏បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកស្រីក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាព លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែ ប្រកាន់យកនូវវិធីសាស្រ្តប្រកប ដោយសង្គតិភាព ក្នុងការ ការពារសន្តិភាព និង គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។

ចំពោះ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឧបនាយករដ្ឋមន្ត្រី បានអះអាង សាជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបាន ធ្វើឡើង ក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសា រ គឺជាកាយវិការ ដែល មិនធ្លាប់មានសម្រាប់ ប្រទេសនានា បើពិនិត្យ មើល ពី ទិដ្ឋភាព ក្នុង វិស័យយោធា។

អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមាន ភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំ ការ បោះឆ្នោតយ៉ាង ទៀងទាត់ចាប់ តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មាន ភាព សេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេច នៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹង ផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មាន ក្នុងទម្រង់ បោះពុម្ព និងឌីជីថល មានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមាន សហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាព ជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាង ណា ក៏ ដោយ លោកឧបនាយករដ្ឋមន្ត្រី បាន លើក ឡើង ថា សិទ្ធិ និង សេរីភាព មិន មែនជាការគេចវេសពី កាតព្វកិច្ច គោរព ច្បាប់ នោះ ទេ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិត ពិសេសស្តីពី បញ្ហា មីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី និង លោក អតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញ វឌ្ឍនភាពនៃ អាទិភាពក្នុង ការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។

កម្ពុជា នឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរ មួយជំហានម្តងៗ និងការ ផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការ កសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕