(ភ្នំពេញ)៖ បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាផលិតជាផ្លូវការនូវទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. របស់ប្រទេសឥណ្ឌា ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។

ជាក់ស្តែង ដើម្បីឱ្យភាពជឿជាក់លើគុណភាពទឹកខ្មៅលុបមិនជ្រះនេះ នៅព្រឹកថ្ងៃទី១៣ ខែសឧភា ឆ្នាំ២០២២នេះ គ.ជ.បបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាកល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»

ការសាកល្បងនេះ បានធ្វើឡើងក្រោមវត្តមាន លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ស្ថាប័ន និងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្ថានទូតជប៉ុន, តំណាងស្ថានទូតឥណ្ឌ តំណាងទីភ្នាក់ងារ JICA, តំណាងគណបក្សនយោបាយ, តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ មន្ត្រី គ.ជ.ប ដែលពាក់ព័ន្ធ។

មុននឹងបង្ហាញ និងផ្តល់ជូនភាគីពាក់ព័ន្ធសាកល្បងអំពីគុណភាពទឹកខ្មៅលុបមិនជ្រះនេះ លោក ហ៊ែល សារ៉ាត់ សូមជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីគោលការណ៍នៃការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះនេះថាផ្អែកតាមបទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិឱ្យប្រើក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថាគោលការណ៍នៃការបោះឆ្នោត គឺដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះបានតែមួយសន្លឹកប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់ថា៖ «ដូច្នេះមិនខុសពីការបោះឆ្នោតអាណត្តិមុនៗ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាពហើយក៏មានប្រទេសជាង៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដូចជា៖ កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី អាហ្វិកខាងត្បូង នីហ្សេរីយ៉ា អាហ្វហ្កានីស្ថាន...។ល។»

លោក ហ៊ែល សារ៉ាត់ បញ្ជាក់បន្ថែមថា មុននឹងធ្វើការបញ្ហាផលិតជាផ្លូវការ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះ ដើម្បីសាកល្បងគុណភាពជាមុនពីក្រុមហ៊ុនចំនួន ៤កម្រិតគឺ៖ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨% និងកម្រិតសូលុយស្យុងប្រាក់នីត្រាត ១៥% កម្រិតសូលុយស្យុងប្រាក់នីត្រាត ១០%។

មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅលុបមិនជ្រះ ដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន ៤កម្រិតនេះ ឃើញថាទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុង ប្រាក់នីត្រាតកម្រិត២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាសមិនអាចលាងសម្អាតឱ្យបានស្អាតល្អភ្លាមៗនោះទេ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខ គិតចាប់ពីថ្ងៃផលិត។

បើតាមលោក ហ៊ែល សារ៉ាត់ បានបន្ថែមថា ក្នុងចំនួននេះ គ.ជ.ប បែងចែកដូចខាងក្រោម៖

*ទី១៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត២ដប
*ទី២៖ បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់
និងទី៣៖ រក្សាទុកនៅ គ.ជ.ប មួយចំនួន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕