(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្រ្តជ្រកកោន ប្រកបដោយសេចក្តីសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ជាព្រះរាជវីរគំរូនៅក្នុងពុទ្ធចក្រ និងអាណាចក្រ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទំនាក់ទំនងនយោបាយការទូតល្អ ធ្វើឲ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺសុះសាយថែមទៀត តាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖