(ត្បូងឃ្មុំ)៖ លោក វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកពពាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីគណបក្សប្រជាជនចំនួន ៣២៥នាក់ ក្នុងនោះមកពីអតីតគណបក្សសង្រ្គោះជាតិ ចំនួន៥នាក់ នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក វង សូត បានថ្លែងទៅដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំជឿការញុះញង់របស់គណបក្សណាមួយឡើយ ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឱ្យមានការរីកចម្រើនអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។
លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាន នីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។
លោក វង សូត បានបន្ថែមទៀតថា «ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាព ឱ្យបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។
នាឱកាសនេះលោក វង សូត ក្នុងនាមប្រធានក្រុមការងារ បានជម្រាបជូនសមាជិក សមាជិកាបក្សថ្មី អំពីសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងអាណត្តិទី៦ និងបន្តអភិវឌ្ឍន៍នៅអាណត្តិក្រោយៗទៀត និងបានពាំនាំនូវមតិផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានស្នើដល់សមាជិក សមាជិកាថ្មីខិតខំយកចិត្តទុកដាក់អនុវត្តន៍ និងគាំទ្រគោលនយោបាយគណបក្សឱ្យបានល្អប្រកបដោយភាពស្មោះត្រង់ ស្រឡាញ់គណបក្សប្រជាជនប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្ស៕