(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង ទទួលបានអណ្ដូងស្នប់ទឹកស្អាតប្រើប្រាស់សរុបចំនួន១០កន្លែង ដែលសប្បុរសជនក្នុងនិងក្រៅប្រទេសជួយសាងសង់ តាមរយៈការកៀរគររបស់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ។
អណ្ដូងទឹកទាំង១០ទីតាំងនោះ ត្រូវបានលោក ខាន់ ខុន ចុះប្រគល់ជូនប្រជាពលរដ្ឋរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមាននៅ៖
* ភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ចំនួន១
* ភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ចំនួន១
* ភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ចំនួន២
* ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន១
* ភូមិតាវ៉ា ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន១
* ភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន១
* ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ចំនួន១
* ភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ចំនួន១
* ភូមិត្បែងខ្ពស់ថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ចំនួន១។
ក្នុងឱកាសដែលលោកបានចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១០កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលដល់សេចក្តីត្រូវការប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវការនេះ។
អណ្តូងទឹកទាំង១០កន្លែងនេះ គឺសមិទ្ធផលបានមកពីរការរួមសហការរបស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោក ខាន់ ខុន ក្នុងការចុះជួយដល់ប្រជាជន តាមសហគមន៍ ដើម្បីជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកនៅរដូវប្រាំងទៅតាមលទ្ធភាពក្នុងការចូលរួមទៅដល់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានលើកឡើងថា មានថ្ងៃនេះគឺដោយសារតែនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិមានសន្តិភាពការមានសន្តិភាពនេះ ហើយនាំឲ្យមានក្តីសង្ឃឹម និងមានអ្វីៗទាំងអស់ ក្រោមដំបូលសន្តិភាព យើងមានលទ្ធភាព និងពេលវេលាច្រើនបន្ថែមទៀតក្នុងការកសាងសេដ្ឋកិច្ចកាន់តែរឹងមាំ និងអភិវឌ្ឍជាច្រើនទៀត។
លោកបានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោសបង់ពាសវាលពាសការ ត្រូវសម្រាន្តក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់គ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បី ការពារ សុវត្ថិភាព ផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ពិការភាព និងជួយអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាបំផ្លាញអនាគតនិងគ្រួសារសង្គមជាតិ។
ជាមួយគ្នានោះដែរអាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ខាន់ ខុន និងលោកស្រី ព្រមទាំងសហការីគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាឱ្យមានក្តីសុខប្រជាពលរដ្ឋ៕