(ពោធិ៍សាត់)៖ ភ្នំព្រះ ឬខ្នងព្រះ គឺជាទីតាំងបោះជុំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រ ខេត្តត្រាត ថៃ គួរជាទីមនោរម្យ និងដ៏សែនស្រស់ស្អាត។
ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ យើងនឹងអាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើន តម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះ ក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ ដែលអមទៅដោយស្បៃពពករសាត់ជុំវិញខ្លួនយើង យ៉ាងត្រជាក់ស្រួលផងដែរ។
សម្រាប់ពេលយប់ អាកាសធាតុ មានភាពត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរ បោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម។
ទីតាំងភ្នំព្រះ ឬខ្នងព្រះ គឺស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ១៥៧គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ កាត់តាមផ្លូវបត់បែនដូចអន្ទង់អាំង (ផ្លូវបុប្ផាលាក់ខ្លួន) ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ចំណុចឡើងភ្នំ។ ភ្នំនេះមានរយ:កម្ពស់១៥០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ និងប្រើរយៈពេលធ្វើដំណើរ (ថ្មើជើង) គិតជាមធ្យម៦ម៉ោង (១យប់២ថ្ងៃ) នឹងមានចម្ងាយផ្លូវប្រមាណ៧គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ។
ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំវិញនោះ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង៕