(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯក និងជារដ្ឋបុរស ដែលបានដឹកនាំប្រទេសឱ្យមានសុខដុមនីយកម្ម សាសនាដ៏ល្អបំផុត ហើយវិស័យពុទ្ធចក្រនិងអាណាចក្រដើរទន្ទឹមគ្នា ដែលនាំឲ្យពលរដ្ឋមានភាពសុខសាន្តសម្បូរសប្បាយ និងរុងរឿង។
លោកអភិបាលខេត្តបានថ្លែងដូច្នេះ នៅក្នុងពិធីក្រុងពាលីលើកជហ្វាសាលាឆាន់ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅវត្តស្វាយជ្រំ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោកបានថ្លែងថា ក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមើលឃើញថា មានសុខដុមនីយកម្មសាសនាល្អបំផុតបើធៀបនឹងប្រទេសដទៃទៀតដែលកំពុងតែញាំញី ដោយសង្គ្រាម និងការរើសអើងសាសនា។ ដោយឡែកនៅកម្ពុជាវិញ គឺមើលឃើញថាមានសុទ្ធតែមានសុខដុមនីយកម្មជាមួយគ្នាល្អបំផុត មិនថាពលរដ្ឋកាន់សាសនាណាក៏ដោយ គឺមានការរួបរួមគ្នា ស្រឡាញ់គ្នា អាណិតគ្នា ហើយនិងរួមគ្នា កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យស្គាល់សន្តិភាព និងស្គាល់តែការរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ។
លោកបន្តថា «ទាំងនេះជាស្នាដៃនិងជាភាពឈ្លាសវៃដ៏អស្ចារ្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្ដេចតេជោហ៊ុន សែន ដឹកនាំប្រទេសជាតិឲ្យនៅតែបន្តការរីកចម្រើន ព្រោះពួកយើងមានរដ្ឋបុរស មគ្គុទេសក៍ឯក និងជាបុរសដ៏ឆ្លាតវៃបំផុតដែលកំពុងដឹកប្រទេសកម្ពុជាឲ្យស្គាល់តែភាពរីកចម្រើនស្គាល់ភាពរុងរឿង និងការអភិវឌ្ឍឡើង។ មិនត្រឹមតែប៉ុណ្ណោះ យើងមានមេដឹកនាំមានបេះដូងដ៏ធំទូលាយ និងមានបេះដូងស្រឡាញ់ និងស្នេហាជាតិ-ប្រជាជនយ៉ាងពិតប្រាក ដែលសម្តេចតេជោ បានអាណិតនិងការពារអាយុជីវិតប្រជាពលរដ្ឋពូជំងឺកួវីដ១៩ ដោយសម្ដេចសម្រេចបាននូវការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជោគជ័យ ដោយធ្វើឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ ដែលកម្ពុជាគិតមកដល់ថ្ងៃនេះរយៈពេល ៥ ថ្ងៃហើយគ្មានការឆ្លងជំងឺកួវីដ១៩សោះ ដែលជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងពិភពលោក បើធៀបនឹងប្រទេសជិតខាង ហើយប្រទេសជាច្រើនផ្សេងទៀតកំពុងតែញាំញីដោយការឆ្លងជំងឺកូវីដ១៩ យ៉ាងសាហាវ»។
លោកអះអាងថា ផ្ដើមចេញពីស្នាដៃនិងការស្រឡាញ់របស់អ្នកដឹកនាំជាតិ គឺសម្ដេចតេជោហ៊ុន សែន ដែលស្រឡាញ់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយគឺសម្ដេច ស្រឡាញ់ប្រជាជនទាំងអស់គោរពប្រជាជនទាំងអស់ផ្ដល់ក្ដីស្រលាញ់ និងការគិតគូរយកចិត្តទុកដាក់ការពារអាយុជីវិតប្រជាពលរដ្ឋ ។ សម្ដេចប្រឹងប្រែងដឹកនាំប្រទេសឲ្យរួចផុតពីភាពក្រីក្រ ដោយក្នុងនោះប្រជាពលរដ្ឋកំពុងតែមានជីវភាពកាន់តែធូធាឡើងៗ។ បច្ចុប្បន្នសម្ដេចតាងនាមជាប្រធានអាស៊ានកំពុងតែប្រជុំ ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឯសហរដ្ឋអាមេរិកឯណោះ ដែលនេះជាមុខមាត់ដ៏ធំធេង និងអស្ចារ្យបំផុតលើសកលលោក។ សម្ដេចតេជោជាមេដឹកនាំដែលខ្លាំងអស្ចារ្យ ក្នុងស្ថានភាពនេះ សម្ដេចតេជោបានទៅដល់សហរដ្ឋអាមេរិក ដោយប្រជុំជាមួយនិងអាមេរិកជុំវិញការវិនិយោគ ជុំវិញការធ្វើឲ្យរីកចម្រើនផ្សេងៗនៅក្នុងតំបន់អាស៊ាន និងកម្ពុជាដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អកាន់តែល្អឡើងៗ។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបច្ចុប្បន្ននេះ គឺបានឲ្យតម្លៃខ្ពស់ណាស់ចំពោះប្រមុខដឹកនាំប្រទេសកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដែលមិនដូចបក្សប្រឆាំងរត់ចោលស្រុករលត់រលាយនោះទេ ដែលតែងតែបង្អាប់ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែតាមពិតទៅគឺសហរដ្ឋអាមេរិកបានផ្ដល់តម្លៃ និងគោរពកម្ពុជា ក្នុងនោះគឺមានការពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោហ៊ុន សែន ក្នុងការពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការ និងពិភាក្សារឿងសេដ្ឋកិច្ចផងដែរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំពីមោទកភាពដែលប្រទេសជាតិ មានសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដ៏អង់អាចក្លាហានដ៏មានសក្ដានុពល មានសមត្ថភាពខ្ពស់ ដែលគិតគូរពីប្រទេសជាតិ គិតគូរពីប្រជាជន ធ្វើយ៉ាងណាឲ្យប្រទេសរួចផុតពីភាពក្រីក្រ ប្រជាជនមានភាពសំបូររុងរឿង សម្បូរសប្បាយ និងមានការរីកចម្រើន និងមានជីវភាពធូរធារ ដោយលោកអភិបាលខេត្តអំពាវនាវឲ្យពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីភាពរុងរឿងដើម្បីភាពរីកចម្រើននិងប្រក្សាសុខសន្តិភាពតទៅមុខជារៀងដរាប៕