(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទាន់ចោលចំពោះការវាយតម្លៃមិនសមហេតុផលពីស្ថានភាពមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា របស់សមាជិកសភាអឺរ៉ុប។
ការទាត់ចោលបែបនេះរបស់អ្នកនាំពាក្យ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីសមាជិកសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង២៧ ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយដកប្រព័ន្ធអនុគ្រោះពន្ធ ទាំងស្រុង ប្រសិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ត្រូវបានគេរកឃើញថាគ្មានភាពសេរីត្រឹមត្រូវ និងយុត្តិធម៌។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាកល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ហង្ស ពុទ្ធា បានទាត់ចោលយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាការវាយតម្លៃជាមុនបែបនេះ (សមាជិកសភាអឺរ៉ុប) គឺមិនទាន់មានភាពត្រឹមត្រូវទេ ដែលការបោះឆ្នោតមិនទាន់មកដល់ បែរជាវាយតម្លៃបែបនេះបែបនោះ អញ្ចឹង គ.ជ.ប សូមបដិសេធចោល»។
ជាមួយគ្នានេះដែរ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនឈរឈ្មោះដែលមានសមាជិកជាង ៨ម៉ឺន ៨ពាន់នាក់ ដែលចំណុចនេះ បានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ថែមនេះមានការដាក់ភ្នាក់គណបក្សនយោបាយ ដាក់អ្នកសង្កេតការណ៍ជាតិ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជាង ៣៨ស្ថាប័ន។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា នៅតាមការិយាបោះឆ្នោតមានមន្ត្រីរៀបចំចំនួន៦នាក់ ដូច្នេះ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្ម ប្រកបដោយឆន្ទៈ ដែលបង្ហាញពីតម្លាភាព នៃការរៀបចំការបោះឆ្នោត បង្ហាញពីជំនឿចិត្ត និងការគោរពច្បាប់ក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល៥ឆ្នាំ តម្រូវឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ម្តង។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់បន្ថែមថា៖ «គិតមកលើកនេះយើង (ប្រទេសកម្ពុជា) មានការបោះឆ្នោតលើកទី១៤ហើយ ទាំងការបោះឆ្នោតសកល និងអសកល យើងអាចនិយាយបានថា ជាការបោះឆ្នោតតាមបែបអច្ឆរិយនៅតាមបណ្តាប្រទេសទន្លេមេគង្គ ការមានយោបល់បែបនេះ ខ្ញុំក៏ធ្លាប់ជាធ្វើជាសមាជិកសង្កេតការបោះឆ្នោតនៅអាស៊ីដែរ គឺខ្ញុំបានឃើញការបោះឆ្នោតនៅប្រទេសផ្សេងៗជាច្រើន ហើយខ្ញុំក៏អាចវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា គឺជាការបោះឆ្នោតតាមបែបអច្ឆរិយ មានការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ហើយមានក្រុមដែលមានមតិជំទាស់ មានក្រុមដែលមានមតិផ្សេងៗគ្នា ប៉ុន្តែ ទីបញ្ចប់កម្ពុជា បានឆ្ពោះទៅរកការនោះឆ្នោតមួយដែលទទួលយកបានទាំងអស់គ្នា មានភាពរីករាយ និងសុខសន្តិភាពទាំងអស់គ្នា»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕