(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដើម្បីទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ខណៈជួបការខ្វះខាតនៅចំពោះមុខនេះ។

លោក ធឹម សំអាន ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ព្រមទាំងមន្រ្តីក្រោមឱវាទបានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមដងផ្លូវខាងលើ ហើយអំណោយដែលផ្ដល់ជូនដល់ដៃបងប្អូនក្រីក្រដោយផ្ទាល់តែម្តង។

ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ពោលគឺលោក ធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ ដោយយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច ពិសេសអ្នកទីទ័លក្រ និងជនងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង។ល។និង។ល។

ដោយមានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវខាងនាឱកាសនោះ លោក ធឹម សំអាន បានលើកឡើងថា សកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់បងប្អូនក្រីក្ររស់នៅតាមដងផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២នាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកអភិបាលខណ្ឌបឹងកេងកង បន្តទៀតថា ការផ្ដល់អំណោយនៅពេលនេះ គឺទុកដោះស្រាយជីវភាព ហើយសកម្មភាពនៅពេលនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ក្នុងការបម្រើការងារ និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ។ អំណោយនេះ និងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរនៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះលោក ធឹម សំអាន សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕