(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា ខ្លួននៅតែបន្តគាំទ្រថវិកា និងជំនួយបច្ចេកទេសដល់ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ (GMS) ក្នុងការអភិវឌ្ឍសម្បទាទេសចរណ៍នៅប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ (CLVT) និងបង្កើតបណ្តាញទេសចរណ៍ក្នុងតំបន់អាស៉ីអាគ្នេយ៍។
បើតាមលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា អ្វីដែលតំណាងធនាគារអភិវឌ្ឍន៍អាស៉ី បញ្ជាក់យ៉ាងដូច្នេះ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោក ជួប រតនា បានបញ្ជាក់ថា លោក Steven Schipani ប្រធានអ្នកឯកទេសឧស្សាហកម្មទេសចរណ៍របស់ធនាគារ ABD បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន២៖
* គម្រោងទី១ គឺការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍសម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ (CLVT) ឬការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។ គម្រោងនេះត្រូវចំណាយថវិកា១.៧លានដុល្លារ ដែលមានសកម្មភាពអនុវត្តជាច្រើន ដូចជា ផែនការរៀបចំប្រព័ន្ធអេកូទេសចរណ៍វៃឆ្លាត វគ្គបណ្ដុះបណ្ដាលជាដើម។
* គម្រោងទី២ គឺគម្រោងបង្កើតបណ្តាញទេសចរណ៍ប្រកកដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Sustainable Tourism Hub)។
ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ការបើកទទួលទេសចរអន្តរជាតិឡើងវិញតាមផ្លូវគោក និងអាកាសដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗតាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះកម្ពុជាបានលើកឡើងពីការបើកទទួលទេសចរឡើងវិញ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសស្តីពីការលើកលែងពាក់ម៉ាស់នៅតាមទីសាធារណៈកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
កម្ពុជាក៏បានលើកពីលទ្ធផលនៃការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ពន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជានៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។
តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ជាសមាជិកមហាអនុតំបន់មេគង្គក្នុងការស្តារវិស័យ និងការបើកប្រទេសឡើងវិញ។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គនេះដែរ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក៏បានឯកភាពគ្នារៀបចំវេទិកាទេសចរណ៍មេគង្គ (Mekong Tourism Forum-MTF) ដោយផ្ទាល់ នៅទីក្រុងហួយអាន ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣-៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមានចូលរួមពីផ្នែករដ្ឋ និងឯកជន នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាគឺមានមន្ត្រីនៃអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ចូលរួមតាមរយៈប្រព័ន្ធវីដេអូពីខេត្តរតនគិរី៕