(រតនគិរី)៖ ក្រសួងទេសចរណ៍បានជំរុញឲ្យមន្ទីទេសចរណ៍រាជធានី-ខេត្ត អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបើកផ្លូវការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ការជំរុញនេះធ្វើឡើងសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
សិក្ខាសាលាខាងលើជាវេទិការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ក្រោមជាតិរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយបានរំលេចពីវិធីសាស្ត្រនៃការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ការដាក់ចុះនូវចក្ខុវិស័យ គោលបំណងនិងគោលដៅ និងសូចនាករអនុវត្តសកម្មភាព ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ និងលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា។
សិក្ខាសាលាបានបែងចែកជាពីរផ្នែក រួមមាន៖ (១) បទពិសោធន៍នៃការរៀបចំអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ធ្វើបទបង្ហាញដោយប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ស្ទឹងត្រែង កំពត និងបន្ទាយមានជ័យ ដោយចែករំលែកបទពិសោធន៍ពីនីតិវិធី និងដំណើរការនៃការរៀបចំនិងអនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍ និង (២) យន្តការគាំទ្រការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ធ្វើបទបង្ហាញដោយប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ ប្រធាននាយកដ្ឋាននីតិកម្ម ក្រុមការងារបណ្តាញសង្គមក្រសួងទេសចរណ៍ និងបទបង្ហាញពីគោលការណែនាំស្តីពីការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមន្ត្រីជំនាញនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍។
លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរំលេចពីភាពចាំបាច់ក្នុងការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍ ហើយការកសាងនេះនឹងក្លាយជាកូនសោដ៏សំខាន់ក្នុងការបើកផ្លូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយបង្កើតជាចក្ខុវិស័យច្បាស់លាស់ ភ្ជាប់ជាមួយផែនការ សកម្មភាពអនុវត្ត និងផែនការវិនិយោគទៅតាមសក្តានុពលតំបន់ និងខេត្តនីមួយៗ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយកាណ៍ពីលទ្ធផលនៃការគាំទ្ររបស់ក្រសួងទេសចរណ៍ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយក្នុងនោះរាជធានី-ខេត្តចំនួន២២ បានបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍៥ឆ្នាំរបស់ខ្លួន និងខេត្តចំនួន៣ (សៀមរាប មណ្ឌលគិរី និងកែប) កំពុងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍វិស័យទេសចរណ៍ ឆ្នាំ២០២១-២០៣៥។
លោកបានបញ្ចាក់ថា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមបណ្តារាជធានី-ខេត្ត នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ គ្រោងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមន្ទីរទេសចរណ៍នូវបច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ និងយន្តការវាយតម្លៃសម្មតកម្មពាក់កណ្តាលអាណត្តិ និងការវាយតម្លៃចុងក្រោយ៕