(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឯកសន្តិភាព បានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។
ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារចូលជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារគណបក្សឃុំចំនួន៣ គឺឃុំអូរសំព័រ, ឃុំតាគង់ និងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសក្នុងដំណាក់កាលនៃជំងឺរាតត្បាត ជំងឺកូវីដ១៩ ដោយបានកៀរគរជំរុញប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពបើកប្រទេសឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា «នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ពន្លត់ភ្លេីងសង្រ្គាមរវាងខ្មែរ និងខ្មែរ ដោយបានប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិវាយប្រយុទ្ធគ្នា ទាំងអស់ក្លាយជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍន៍»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលបន្តអភិវឌ្ឍមូលដ្ឋានរីកចម្រើនបន្តទៀត និងសូមបន្តជំរុញ ពិនិត្យឯកសារអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយ និងថវិកាឧបត្ថម្ភដល់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗ ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារ៉ុង, ឧបត្ថម្ភ ស.ស.យ.ក ក្រុមការងារយុវជន ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យចំនួន ១៤០នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា ១ម៉ឺនរៀលផងដែរ៕