(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង១៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកអភិបាលក្រុងបាវិត បានឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះ និងការស្នើសុំជួសជុលពង្រីកផ្លូវពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការចាក់ក្រាលថ្មម៉ិច ដោយមានបណ្តោយប្រវែងជាង១៥០០ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះ គឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេស គឺក្រុមការងារចុះជួយភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនេះតែម្តង។
លោក លឹម សៀងហេង បានបន្តឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
លោកបានបន្ថែមទៀតថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយក៏សូមឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕