(សៀមរាប)៖ អតីតសមាជិក សមាជិកាគណបក្សសង្រោះជាតិ និងភ្លេីងទៀន ៥៥០នាក់ មកពីតាមសង្កាត់នានា ក្នុងក្រុងសៀមរាម ខេត្តសៀមរាប បានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមារ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងបានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយជាទីបំផុត ចំពោះវត្តមានសមាជិកថ្មីនៅក្នុងខេត្តសៀមរាប។
លោកបន្តថា វត្តមានសមាជិកថ្មីមកពីអតីតបក្សប្រឆាំងនៅកម្ពុជាទាំង ៥៥០នាក់នេះថា ជាកម្លាំងចលករថ្មី និងជាកម្លាំងគាំទ្រថ្មីសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដំណើរដោយភាពរឹងមាំឆ្ពោះទៅរកការដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣។
លោក លី សាម៉េត បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់នូវសច្ចភាពចំពោះគុណសម្បត្តិទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បានប្រឹងប្រែងចំពោះជាតិ និងប្រជាជនក្នុងរយៈពេលកន្លងមក។
លោក ទៀ សីហា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានសំដែងនូវសេចក្តីសប្បាយរីករាយជាខ្លាំងដែលឃើញការសម្រេចចិត្តរបស់អតីតសមាជិក សមាជិកាអតីតគណបក្សសង្រោះជាតិ និងបក្សភ្លើងទៀន ដែលបានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។
លោក ទៀ សីហា ក៏បានស្នើឱ្យសមាជិក សមាជិក មើលនូវចំណុចវិជ្ជមានដែលគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនាពេលកន្លងមក និងត្រូវមើលពីសមិទ្ធផលជាច្រើនដែលគណបក្សប្រជាជនកម្ពុជាបានកសាង។
អតីតសមាជិកគណបក្សសង្រ្គោះជាតិ លោក រស់ សំណាង និងជាតំណាងឱ្យសមាជិក សមាជិកា ទាំងជិត ៦០០នាក់ លើកឡើងថា ការសម្រេចចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ក្រោយពីបានតាមដាន និងពិនិត្យពិចារណាយ៉ាងយកចិត្តទុកដាក់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ដូច្នេះ «យើងខ្ញុំយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះយើងខ្ញុំដែលតែងតែគាំទ្រអតីតគណបក្សសង្រោះជាតិកន្លងមកមានការខកចិត្ត និងមិនពេញចិត្តចំពោះការដឹកនាំរបស់លោក សម រង្សី»៕