(ពោធិ៍សាត់)៖ ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីសប្បុរសជន ក្នុងនិងក្រៅខេត្ត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានផ្តល់ឱវាទតម្រង់ទិស ដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រ នៅវិទ្យាល័យ ហ៊ុន សែន បាកាន, សាលាបឋម និងមត្តេយ្យសិក្សាត្រពាំងជង ក្នុងឱកាសពិធីបុណ្យវិសាខបូជា ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។
ព្រះតេជគុណ ឡាយ កន មានសង្ឃដិកាថា ស្របពេលដែលពិធីបុណ្យវិសាខបូជា ខិតជិតមកដល់ នៅរំលងតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃអាទិត្យ ទី១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ទើបព្រះអង្គខិតខំគៀងគរ រកការជួយឧបត្ថម្ភគាំទ្រ ប្រារព្ធពិធីនេះឡើង ដើម្បីមានឱកាសផ្តល់ឱវាទល្អៗ ជាត្រីវិស័យតម្រង់ទិស ដល់ក្មួយៗចៅៗសិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រ។ ដូចក្នុងឱកាសនេះ ព្រះតេជគុណ ឡាយ កន សូមឱ្យក្មួយៗសិស្សានុសិស្ស ដឹងគុណពុកម៉ែ ជាព្រះរស់ ដែលបានបង្កើតយើងឱ្យមានជីវិតរស់រានមកដល់សព្វថ្ងៃ និងត្រូវដឹងគុណលោកគ្រូ អ្នកគ្រូ ជាឪពុកម្ដាយទី២ ដែលបានបង្ហាត់បង្រៀនយើង ឱ្យមានចំណេះដឹង ចំណេះធ្វើ និងអប់រំទូន្មានប្រៀនប្រដៅយើង ឱ្យមានក្រមសីលធម៌ល្អក្នុងសង្គម។
ព្រះតេជគុណមានសង្ឃដិកាបន្តថា «យើងម្នាក់ៗសុទ្ធតែមានបាប ជាមួយឪពុកម្ដាយតាំងពីនៅតូចៗមកម្ល៉េះ ដូច្នេះហើយពេលត្រឡប់ទៅផ្ទះវិញ ត្រូវដងទឹកអុជធូប ក្រាបសំពះ ចំនួន០៣ដង និយាយសុំខមារទោស ចំពោះពួកគាត់ ហើយត្រូវសន្យាថា ចាប់ពីពេលនេះទៅ កូនឈប់ធ្វើអ្វីដែលនាំឱ្យលោកទាំង២ ពិបាកចិត្តទៀតហើយ។ កូននឹងខិតខំរៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ ព្រមទាំងហាត់ពត់លត់ដំខ្លួន ឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីកិត្តិយសក្រុមគ្រួសារ និងជាទំពាំងស្នងឫស្សីនៃប្រទេសជាតិទៅថ្ងៃអនាគត»។
គួររំលឹកថា វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិក ចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀត នៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭក នឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះ សម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃ ដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹង និងបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥ កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ពាក្យថា «វិសាខបូជា» បានមកពីពាក្យថា «វិសាខបុណ្ណមីបូជា» ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ ទី៦ ដោយរាប់ពី ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម។
ការដែលមានការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃនេះ ជាថ្ងៃដែលកត់សម្គាល់ ដល់ហេតុការណ៍អស្ចារ្យ ៣យ៉ាង កើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោក ពិសេសពុទ្ធសាសនិកក្នុងប្រទេសកម្ពុជា បាននាំគ្នារឭកនឹក ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ចំពោះហេតុដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល។
ឆ្លៀតក្នុងឱកាសនោះ ព្រះតេជគុណសុតន្តោ ឡាយ កន ក៏បាននាំយកនំបុ័ង ជាង៩ពាន់ដើម ការ៉េម និងទឹកបរិសុទ្ធ ទៅចែកជូនដល់សិស្សានុសិស្ស ជាអាហារសម្រន់ ដែលទាំងនេះជាការចូលរួមឧបត្ថម្ភ ពីព្រះតេជគុណ ស៊ុន ចាន់នឿន ព្រះចៅអធិការវត្តកោះកែវ, ឯកឧត្តម ឆាយ អ៊ូ និងលោកជំទាវ តាំង ហ្កិចណៃ ៥០០ដុល្លារ, ឧបាសក មាស ខេង និងឧបាសិកា មួរ វួច ៣លានរៀល, កូនចៅឧកញ៉ា ថៃ សេងឡុង ២០០ដុល្លារ និងប៉ាម៉ាក់ នៅវត្តពោធិញ្ញាណរាជធានីភ្នំពេញ ១០០ដុល្លារ៕