(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៧៥៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៦៦៦គ្រឿង និងរថយន្ត ៩៣គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១៣ ខែឧសភា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៨,៥២៨គ្រឿង ក្នុងនោះមានម៉ូតូ ៦១,៣១១គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៧,២១៧គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក អត់ស្លាកលេខ លើសចំណុះ ល្មើសសញ្ញា និងទូរស័ព្ទដៃជាដើម។ ដោយឡែករថយន្តល្បឿន ល្មើសសញ្ញា ខ្សែក្រវ៉ាត់ លើសចំណុះ អត់ប័ណ្ណបើកបរ និងទូរស័ព្ទជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះស្លាប់ចំនួន ០នាក់ របួស ០៥នាក់ (របួសធ្ងន់ ០៥នាក់)។ រយៈពេល១៣៣ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,២៥០លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧២៥នាក់ របួស ១,៧៥៦នាក់ (របួសធ្ងន់ ១,១១៣នាក់)៕