(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើ
អនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ឋបុប្ផាកម្ពុជា។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងចូលរួមទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ សម្រាប់និរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រើប្រាស់ សេវាធនាគារឌីជីថល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ការប្រើប្រាស់សេវាកម្មធនាគារ ក្នុងការប្រមូលវិភាគទានសប្បុរសធម៌ពីសាធារណជន នឹងផ្តល់លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការចូលរួមបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការលើកកម្ពស់សុខុមាលភាពដល់មាតា ទារក និងកុមារ ដែលជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកសាងកម្លាំងពលកម្ម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
លោកបណ្ឌិត កៅ ថាច បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺជាកិច្ចការមួយ បង្ហាញអំពីចក្ខុវិស័យក៏ដូចជាបេសកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
បន្ថែមពីនោះទៀត លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលនឹងឈានទៅដល់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយកិច្ចការថ្ងៃនេះ គឺជាការជួយកម្ពុជា ដើម្បីឈានទៅរកប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់។
លោកបណ្ឌិត ចន ណារិទ្ធ បានឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ក្នុងការបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផ្ទាល់តែម្ដង។
ការចុះអនុស្សរណៈនេះ ជាសក្ខីភាពដែលបង្ហាញអំពីការចូលរួម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការគាំទ្រ និងផ្តល់កិច្ចសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សំដៅចូលរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ARDB បានស្ម័គ្រចិត្តចូលរួមបរិច្ចាគវិភាគទាន ប្រចាំខែ ចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ។
ក្នុងឱកាសនេះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រគល់ថវិកាចំនួន ២៥,០៥២,០០០ រៀល ដែលបានទទួលការបរិច្ចាគថវិកាពីលោកបណ្ឌិត កៅ ថាច និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
គូសបញ្ជាក់ថា សាធារណជនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនីមូលនិធិគន្ឋបុប្ផាកម្ពុជា ដែលមានឈ្មោះ និងលេខគណនី នៅធនាគារ ARDB ដូចខាងក្រោម៖
* ឈ្មោះគណនី Cambodia Kantha Bopha Foundation
* លេខគណនីជាប្រាក់រៀល៖ ១០២០០០០៣៧០
* លេខគណនីជាប្រាក់ដុល្លារអាមេរិក៖ ២០២០០០២៩៣១៕