(សៀមរាប)៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោះ ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) រួមនិងអ្នកពាក់ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប សរុបចំនួនជាង ៨០រូប។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា វគ្គបណ្តុះបណ្តាលបង្ហាញពីបទបញ្ជា និងនីតិវិធីនានាក្នុងការបោះឆ្នោត និងផ្តោតសំខាន់ទៅលើការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រប់គ្រង និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្រាប់ជាជំនួយដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត តាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត។

លោកក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ កត់ត្រាទុកនៅចំណុចសំខាន់ៗនីមួយៗ និងហ៊ានសួរគ្រូឧទ្ទេសចំពោះចំណុចណាដែលមិនច្បាស់ ដើម្បីគ្រូឧទ្ទេសបំភ្លឺជូន ជៀសវាងការយល់ច្រឡំ ឬយល់ខុស នៅពេលអនុវត្តន៍ជាក់ស្តែង ដែលផ្ទុយទៅនឹងបទបញ្ជា និងនីតិវីធីសម្រាប់ការបោះឆ្នោតរបស់ គ.ជ.ប។

ជាមួយនេះដែរ លោកស្នើដល់សិក្ខាកាមទាំងអស់ ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះហើយ សូមបន្តធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត ទៅលើច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងសេចក្តីណែនាំរួមរវាងក្រសូងមហាផ្ទៃ និង គ.ជ.ប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាកព័ន្ធផងដែរ៕