(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ែល សារ៉ាត់ បានថ្លែងថា «មិនខុសពីការបោះឆ្នោតអាណត្តិមុនៗ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខ្មៅ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត»

លោក ហ៊ែល សារ៉ាត់ បានបញ្ជាក់ថា គ.ជ.ប បានធ្វើការបញ្ជាការផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌានូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២.០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយ ដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។

ទឹកខ្មៅលុបមិនជ្រះទាំងនោះ គ.ជ.ប បែងចែកដូចខាងក្រោម៖

* ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត ២ដប
* បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ចំនួន ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និង
* រក្សាទុកនៅ គ.ជ.ប មួយចំនួន។

ភាគីដែលចូលរួមធ្វើតេស្តដោយជ្រលក់ម្រាមដៃសាកល្បងទឹកខ្មៅលុបមិនជ្រះនោះ មាន ១៧ រូប ហើយបានបញ្ជាក់ឱ្យឃើញថា ទឹកខ្មៅនោះពិតជាលុបមិនជ្រះមែន។

មានការលើកឡើង និងសំណូមពរមួយចំនួនរបស់ភាគីចូលរួមប្រជុំពាក់ព័ន្ធនឹងទឹកខ្មៅលុបមិនជ្រះនេះថា មិនគួរបម្រុងទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទេ គួរតែបញ្ជូនទៅបម្រុងទុកនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ ហើយគួររក្សាទុកឱ្យបានត្រឹមត្រូវ។

ក្នុងករណីនេះ គ.ជ.ប បានបញ្ជាក់ជូនថា ការរក្សាទុកបម្រុងនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គឺសមស្របទៅនឹងចំនួនទឹកខ្មៅដែលសល់ពីការបែងចែកទៅការិយាល័យបោះឆ្នោតចំនួន ២៣.៦០២ ការិយាល័យ ដោយក្នុងមួយការិយាល័យ ទទួលបានចំនួន ២ ដប។ ក្នុងការបែងចែក គ.ជ.ប មានបញ្ជីស្នាមត្រឹមត្រូវសម្រាប់ធ្វើការត្រួតពិនិត្យ និងការរក្សាសុវត្ថិភាព។​

ចំពោះការលើកឡើងថា បើមានភាគីផ្សេងអះអាងថា ទឹកខ្មៅនេះលុបជ្រះ តើ គ.ជ.ប យល់បែបណានោះ គ.ជ.ប បានពន្យល់ថា ទឹកថ្នាំនេះផលិតឡើងដោយសារធាតុគីមី ដើម្បីលុបជ្រះត្រូវមានសារធាតុគីមីផ្សេងទៀតសម្រាប់លុប។ ដើម្បីលុបបានមិនមែនប្រើពេលវេលាភ្លាមៗធ្វើបាននោះទេ។ ចំពោះអ្នកដែលមានបំណងបំផ្លាញការបោះឆ្នោត មានច្បាប់សម្រាប់ដាក់ទោស។

រីឯសំណូមពរសុំឱ្យមានការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះនេះ នៅក្នុងការិយាល័យបោះឆ្នោតតែម្តង គ.ជ.ប នឹងយកសំណូមពរនេះទុកពិចារណាសម្រាប់ការបោះឆ្នោតលើកក្រោយ។

នេះជាកិច្ចប្រជុំលើកទី៥ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយសមាសភាពចូលរួមក្នុងកិច្ចប្រជុំមានប្រមាណជាង ៦០នាក់ មកពីក្រសួង ស្ថាប័ននានា ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតឥណ្ឌា តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ៕