(ភ្នំពេញ)៖ បន្ទាប់ពីអស់ជំនឿលើការដឹកនាំរបស់គណបក្សភ្លើងទៀន ដែលគ្មានគោលនយោបាយច្បាស់លាស់ បក្ខពួកនិយម និងពុករលួយ បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះឱ្យគណបក្សភ្លើងទាន ចំនួន៥នាក់ទៀត នៅសង្កាត់ផ្សារដើមថ្កូវ បានសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ។
ពិធីសំណេះសំណាលជាមួយសមាជិកថ្មី ដែលមកពីគណបក្សភ្លើងទៀងទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឡេង តុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ។
បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទាន ដែលសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ផ្សារដើមថ្កូវ រួមមាន៖
១៖ អ៊ូច រិន ភេទ ប្រុស អាយុ ៦១ឆ្នាំ ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៨ របស់គណបក្សភ្លើងទានសង្កាត់ផ្សារដើមថ្កូវ។
២៖ អុន សំអន ភេទ ប្រុស អាយុ ២៩ឆ្នាំ ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៩ របស់គណបក្សភ្លើងទានសង្កាត់ផ្សារដើមថ្កូវ។
៣៖ ផាត ភី ភេទ ស្រី អាយុ ៥៩ឆ្នាំ ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១០ របស់គណបក្សភ្លើងទានសង្កាត់ផ្សារដើមថ្កូវ។
៤៖ កាន ធារី ភេទ ស្រី អាយុ ៤៩ឆ្នាំ ដែលបេក្ខេជនបម្រុងលេខរៀងទី១២ របស់គណបក្សភ្លើងទានសង្កាត់ផ្សារដើមថ្កូវ។
៥៖ អ៊ូច សុភាព ភេទ ស្រី អាយុ ២៨ឆ្នាំ ដែលបេក្ខេជនបម្រុងលេខរៀងទី១៨ របស់គណបក្សភ្លើងទានសង្កាត់ផ្សារដើមថ្កូវ។
ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទាននៅពេលនេះ ធ្វើឡើងក្រោយពីពួកគាត់យល់ឃើញថា ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទាន មិនមានគោលនយោបាយដឹកនាំពួកគាត់បានល្អនោះទេ គឺមានបក្ខពួក ពុករលួយ ហើយមិនធ្វើឱ្យប្រទេសជាតិរីកចម្រើនបានទេ មួយវិញទៀតការរៀបចំឱ្យពួកគាត់ចូលជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នេះ ពួកគាត់មិនបានដឹងខ្លួននោះទេ។ ពួកគាត់ក៏បានសម្រេចចិត្ត សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ផ្សារដើមថ្កូវតែម្តង។ នេះបើតាមការបញ្ជាក់របស់ បេក្ខជនគណបក្សភ្លើងទៀនទាំងនោះ។
នៅក្នុងឱកាសសំណេះសំណាលនេះ លោក ឡេង តុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពី លោក អ៉ិត សំហេង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន ដល់សមាជិក សមាជិកាទាំងអស់។ លោក ឡេង តុង មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះសមាជិកថ្មី ដែលជាបេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទានទាំង ០៥រូប ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោកក៏បានបញ្ជាក់ថា បងប្អូនទាំងអស់គ្នាពិតជាសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការមកជ្រកក្រោមម្លប់គណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសគឺការនាំមកនូវសុខសន្តិភាព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបន្តទៀតថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិភាពនាំមកនូវស្ថិរភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលវិបត្តិកូវីដ-១៩នេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទានទាំង ០៥រូប ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ៕