(បាត់ដំបង)៖ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣៣នាក់ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មីទាំងនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន សង្កាត់វត្តគរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ លោក ឡេង ប៉េងឡុង បានសម្ដែងមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
លោកក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក «សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក» និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សដែលការពារសន្តិភាពនេះ មានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕