(វ៉ាស៊ីនតោន, អាមេរិក)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។

នៅក្នុងសារសំឡេងជូនដំណឹងពីការនិវត្តមកកាន់ប្រទេសកម្ពុជាវិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅអាមេរិក និងកាណាដា ដែលបានទទួលស្វាគមន៍ និងសំណេះសំណាលប្រកបដោយភាពរីករាយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងមានមោទនភាពចំពោះប្រជាពលរដ្ឋរស់នៅក្រៅប្រទេស ជាពិសេសនៅអាមេរិក និងកាណាដា ប្រកបដោយភាពថ្លៃថ្នូ និងមិនមានការតបតនឹងជនដែលបានបង្កបាតុភាពចំពោះសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគាំទ្រសម្តេច និងរាជរដ្ឋាភិបាល អត់ធ្មត់ចំពោះសកម្មភាពញុះញង់ និងវាយប្រហារទៅលើកពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «នេះជាឥរិយាបថជ្រុលនិយមរបស់ក្រុមប្រឆាំង ដោយចាត់ទុកជាវីរជននៅពេលរំលោភបំពានលើច្បាប់ និងបង្ហាញនូវសារជាតិជាអំពើហិង្សាជ្រុលនិយម។ ខ្ញុំព្រះករុណា ខ្ញុំមានមោទនភាពជាមួយបងប្អូនជនរួមជាតិដែលរស់នៅកាណាដា និងអាមេរិក ដែលរក្សាបាននូវភាពថ្លៃថ្នូរ និងការគោរពច្បាប់»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅថ្ងៃនេះកម្ពុជាមិនមានរកឃើញការឆ្លងជំងឺកូវីដ១៩នោះទេ។ នេះជាថ្ងៃទី៨ ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ បានបញ្ជាក់ថា តាមការគ្រោងទុកសម្តេច និងគណៈប្រតិភូ នឹងហោះមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែឧសភា ស្អែកនេះ៕

 សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុ​ន សែន៖ https://t.me/freshnewsasia/93233