(វ៉ាស៊ីនតោន, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរ និងមានមោទនភាព ចំពោះប្រជាពលរដ្ឋនៅអាមេរិក និងកាណាដា ដែលរក្សាភាពអត់ធ្មត់ ហើយមិនតបតនឹងជនជ្រុលនិយមដែលបង្កបាតុភាពចំពោះសម្តេច។ សម្តេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលគាំទ្រសម្តេច និងរាជរដ្ឋាភិបាល ឱ្យបន្តភាពអត់ធ្មត់ចំពោះសកម្មភាពញុះញង់ និងការវាយប្រហារទាំងឡាយ។

ក្នុងសារសំឡេងផ្ញើជូនប្រជាពលរដ្ឋពីដំណើរអញ្ជើញត្រឡប់មកកាន់ប្រទេសវិញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការគាំទ្រចំពោះទង្វើរបស់ជនបង្កបាតុភាពនេះ ជាទង្វើជ្រុលនិយម។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «នេះជាឥរិយាបថជ្រុលនិយមរបស់ក្រុមប្រឆាំង ដោយចាត់ទុកជាវីរជននៅពេលរំលោភបំពានលើច្បាប់ និងបង្ហាញនូវសារជាតិជាអំពើហិង្សាជ្រុលនិយម។ ខ្ញុំព្រះករុណា ខ្ញុំមានមោទនភាពជាមួយបងប្អូនជនរួមជាតិដែលរស់នៅកាណាដា និងអាមេរិក ដែលរក្សាបាននូវភាពថ្លៃថ្នូរ និងការគោរពច្បាប់»

នៅក្នុងសារសំឡេងជូនដំណឹងពីការនិវត្តមកកាន់ប្រទេសកម្ពុជាវិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅអាមេរិក និងកាណាដា ដែលបានទទួលស្វាគមន៍ និងសំណេះសំណាលប្រកបដោយភាពរីករាយ៕