(ព្រះវិហារ)៖ «ចាប់តាំងពីព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងឡាយព្រះហស្ថលេខាប្រោសព្រះរាជទានសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២មក លោក បេន និងក្រុមគ្រួសារបានក្លាយជាពលរដ្ឋខ្មែរ និងមានសិទ្ធិដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ»។ នេះគឺជាការថ្លែងរបស់ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីប្រគល់ព្រះរាជក្រឹត្យស្តីពីការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក ដាវីដ បេន នៅរដ្ឋបាលខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិតជាស័ក្តិសមបំផុតដែលក្រុមគ្រួសារ លោកបេនត្រូវទទួលបានព្រោះលោកនិងក្រុមគ្រួសារ បានសុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ឆ្នាំមកហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថែរក្សាការពារអភិរក្សធនធានធម្មជាតិ។

ជាមួយការថ្លែងអមអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់សញ្ជាតិខ្មែរជូន ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា៖ «នេះគឺជាលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក បេន និងក្រុមគ្រួសារផ្ទាល់ផង និងចេញពីការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំពោះអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់លោកបេន និងក្រុមគ្រួសារ និងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរដែនដីជាពិសេសពីអភិបាលខេត្ត អភិបាលស្រុក និងភូមិឃុំផងដែរ»

ទេសរដ្ឋមន្ត្រីបានជំរុញនិងលើកទឹកចិត្តដល់លោកបេន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តសហការគ្នាល្អលើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយបានកត់សម្គាល់ថា ជាមួយការអប់រំ បំភ្លឺផ្សព្វផ្សាយពន្យល់នាពេលកន្លងទៅ ប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ហើយពួកគាត់បានចូលរួមក្នុងការអភិរក្ស។

ចូលរួមក្នុងពិធីនេះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «កម្ពុជាបានក្លាយជាផ្ទះរបស់បេន និងក្រុមគ្រួសារ។ ថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាលសម្រាប់បេន និងក្រុមគ្រួសារ និងក្នុងនាមក្រសួងបរិស្ថានសូមគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលលោកទាំងពីរបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យយើងខ្ញុំតាមសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានធ្វើសំណើទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីស្នើសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ។ សម្តេចតេជោក៏បានទូលថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងក៏បានសព្វព្រះរាជហឬទ័យថ្វាយសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ»

ជាមួយគ្នានេះ រដ្ឋមន្ត្រីបានសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកឃុំរបស់ខេត្តព្រះវិហារដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការអភិរក្សធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីបរិស្ថាន បានគូសបញ្ជាក់ថា៖ «លោកបេន និងក្រុមគ្រួសារស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបានមកបំពេញការងារនៅកម្ពុជាយូរដែលបានទទូលការលើកទឹកចិត្ត។ លោកបេននិងក្រុមគ្រួសារបានលះបង់កម្លាំងកាយកម្លាំងចិត្តជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ក៏ដូចជាបានចូលរួមរដ្ឋបាលខេត្តក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ បានធ្វើឱ្យការការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ កាន់តែមានភាពល្អប្រសើរ»

ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋនៅខេត្តព្រះវិហារទាំងមូលសូមប្រកាសគាំទ្រទាំងស្រុងចំពោះការផ្តល់សញ្ជាខ្មែរតាមរយៈសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់លោកគ្រួសារលោក បេន ដាវីស និងសូមអបអរសាទរជាមួយក្រុមគ្រួសារលោកបេន និងសូមស្វាគមន៍គ្រួសាររបស់លោករួមរស់ជាមួយបងប្អូនខ្មែររបស់យើងតកូនតចៅក្នុងទឹកដីសុវណ្ណភូមិនេះជារៀងរហូតក្រោមម្លប់សុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះអភិបាលខេត្តបានផ្តាំផ្ញើដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តកិច្ចសហប្រតិបត្តិការល្អជាមួយលោកបេន ក្នុងការការពារ ថែរក្សា និងអភិរក្សសម្បត្តិធម្មជាតិរបស់យើងគង់វង្ស និងស្ថិតស្ថេរ និងដាច់ខាតត្រូវតែការពារសុខសុវត្ថិភាព ក្រុមគ្រួសារលោកបេនឱ្យបានល្អប្រសើរផងដែរ មិនត្រឹមតែដែនជម្រកសត្វព្រៃភ្នំពក និងភ្នំត្នោតទេ គឺក្នុងខេត្តព្រះវិហារទាំងមូល។

សូមបញ្ជាក់ថា លោក បេន ដាវីដ ជាសញ្ជាតិអាមេរិក និងភរិយាកូនៗមានសញ្ជាតិអូស្ត្រាលី ក៏គ្រួសារលោកបេន ពិតជាស័ក្តិសមបំផុតក្នុងការទទួលបាននូវសញ្ជាតិខ្មែរពីព្រោះលោកបេន បានមករស់នៅ និងបានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ពោលគឺតាំងពីលោកបេន មានអាយុ ២៧ឆ្នាំ គឺមានរយៈពេលជិត ៣០ឆ្នាំមកហើយ។

លោកបេន បានមកបំពេញការងារនៅខេត្តព្រះវិហារ រយៈពេល ២០ឆ្នាំហើយ តាំងពីឆ្នាំ២០០២។ ស្ថិតក្នុងរយៈពេលនេះ លោកបេន និងក្រុមគ្រួសារបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន នៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម។ កាលដែលរូបលោកបេន និងគ្រួសារទទួលបានសញ្ជាតិខ្មែរពិតជារឿងដែលត្រឹមត្រូវ និងសក្តិសមជាទីបំផុត។

គ្រួសារលោកបេនតែងតែទទួលបាននូវការយកចិត្តទុកដាក់គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋខ្មែរជាទូទៅជាពិសេសមានការគាំទ្រឧបត្ថម្ភពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវរថយន្ត និងម៉ូតូ និងថវិកាផងដែរ។ ក្រសួងបរិស្ថានបានផ្តល់នូបការគាំទ្រថវិកាបន្ថែម។

លោក បេន ដាវីស តំណាងក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤រូប បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រនិងលោកទឹកចិត្តលោក។

លោកបេន ដាវីស បានថ្លែងថា៖ «ខ្ញុំមិននឹកស្មានថាខ្ញុំទទួលបានសញ្ជាតិខ្មែរនេះទេ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយនិងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់លើយើងខ្ញុំ។ យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្តយើងខ្ញុំនិងខ្ញុំមានការសប្បាយចិត្តកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ»