(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានទទូចឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ចំពោះវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្តារសន្តិភាពឡើងវិញ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្វើជាសហប្រធានដឹកនាំកចិ្ចប្រជុំ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលដំណើរទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា៖ «ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងឡើងវិញអំពីជំហរបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី ហើយទទូចឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្តារសន្តិភាពឡើងវិញ»

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយ ដើម្បីបញ្ចប់ជម្លោះនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។

នាពេលកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ។

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា បានរៀបចំមហាសន្និបាតជាបន្ទាន់មួយដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេសសមាជិកទាំងអស់ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវេទ។

កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះ ហើយក៏បានចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។

ចំពោះករណីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញការកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពគាំទ្រដល់សេចក្តីសម្រេចរបស់ មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន កន្លងមក៕