(ភ្នំពេញ)៖ លោក អ៉ិត សំហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន បានលើកឡើងថា ស្ត្រីកម្ពុជាមានឱកាសច្រើនក្នុងការកសាងសមត្ថភាពក្លាយជាសហគ្រិន ជាអ្នកដឹកនាំទាំងការងារនៅកម្រិតមូលដ្ឋាន ក៏ដូចជានៅក្នុងជួររាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក អ៉ិត សំហេង ធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយសមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ជិត២០០នាក់ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

លោកលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាសព្វថ្ងៃនេះ មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់ ដោយចាប់ពីកុមារតូចរហូតដល់យុវជន គឺទទួលបានការសិក្សារៀនសូត្រ មានសមត្ថភាពពេញលេញក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ស្ត្រីកម្ពុជាមានឱកាសច្រើនក្នុងការកសាងសមត្ថភាពក្លាយជាសហគ្រិន ជាអ្នកដឹកនាំទាំងការងារនៅកម្រិតមូលដ្ឋាន ក៏ដូចជានៅក្នុងជួររាជរដ្ឋាភិបាល»។

លោកបានគូសបញ្ជាក់ថា សមភាពយេនឌ័រគឺជាកត្តាចម្បងក្នុងការធានានូវចីរភាព សន្តិភាព និងការអភិវឌ្ឍ។ ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវសន្តិភាព បរិយាប័ន្ត និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រនឹងបង្កើនភាពអង់អាចរបស់ស្ត្រី គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យស្ត្រីក្លាយទៅជាកម្លាំងចលករក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ផែនការយុទ្ធសា្តស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើន ប្រជាជនរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព បើគ្មានសន្តិភាពក៏មិនមានអ្វីដល់សព្វថ្ងៃនេះដែរ។ ស្ត្រីទទួលបានផលប្រយោជន៍ពីផ្លែផ្កានៃសន្តិភាព ផ្តើមពីសន្តិភាពនេះសេដ្ឋកិច្ចកម្ពុជាមានកំណើន៧ភាគរយក្នុងមួយឆ្នាំ បង្កលក្ខណៈដល់ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរបស់ជាតិ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានប្រព័ន្ធគាំពារសង្គម ជួយទាំងមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងប្រជាពលរដ្ឋ ដោយសម្រួលការលំបាករបស់ពួកគាត់បានមួយកម្រិត៕