(កំពង់ចាម)៖ អំណោយរថយន្ដសង្គ្រោះបន្ទាន់ ទី៤៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពកោះសូទិន ស្រុកកោះសូទិន ខេត្ដកំពង់ចាម រួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា។

ពិធីប្រគល់ និងទទួលនេះ ក្រោមវត្ដមានដោយផ្ទាល់ពី លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានធ្វើឡើងនៅសាលាបឋមសិក្សាកណ្ដាលកោះត្បូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «ខ្ញុំសង្ឃឹមថារថយន្ដនេះ នឹងបានជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ជាចាំបាច់ ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា»។ លើសពីនោះ បានស្នើដល់មណ្ឌលសុខភាព ចូលរួមថែរក្សារថយន្ដសង្គ្រោះបន្ទាន់នេះ ឱ្យបានគង់វង្ស ទុកបម្រើជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង»។

ជាងនេះទៅទៀត «ខ្ញុំនៅតែបន្ដសកម្មភាពការងារនេះ ដើម្បីបំពេញតម្រូវការ ជាប្រយោជន៍ក្នុងការលើកកម្ពស់សុខុមាលរបស់ប្រជាពលរដ្ឋយើងឲ្យកាន់តែប្រសើរ។ ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុធី ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយខ្ញុំរហូតមកនេះ»

ទន្ទឹមនឹងនោះ លោក ខៀវ កាញារីទ្ធ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងនេះ សម្រាប់យកទៅបម្រើផលប្រយោជន៍ប្រជាជន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ។ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់លោកឧកញ៉ាបណ្ឌិត ជា រតនាផងដែរ។ បន្ទាប់លោក ខៀវ កាញារីទ្ធ បានបន្ដកិច្ចការងារជាមួយមន្ដ្រីក្រោមឱវាទ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

សូមជម្រាបថា អំណោយជារថយន្ដសង្គ្រោះបន្ទាន់នេះ ពិតជាមធ្យោបាយ និងជាតម្រូវការមួយដ៏ចាំបាច់បំផុត សម្រាប់បញ្ជូនអ្នកជំងឺនៅស្រុកកោះសូទិនទាំងមូល និងពលរដ្ឋនៅក្នុងខេត្ដកំពង់ចាម ដើម្បីសង្គ្រោះឱ្យបានទាន់ពេលវេលា និងកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺ។ លើសពីនោះ នៅតាមតំបន់ដាច់ស្រយាល ដែលគ្មានមធ្យោបាយធ្វើដំណើរមកកាន់មន្ទីរពេទ្យ ហើយក៏ស្របនឹងមន្ទីរពេទ្យនៅទីនេះ តម្រូវការចាំបាច់៕