(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានអញ្ជើញចូលរួមប្រារព្ធ ពិធីបុណ្យពិសាខបូជា វត្តសាមគ្គីសុខារាម (ហៅវត្តច្រករំដេង) ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ នឹងកោតសរសើរចំពោះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ និងព្រះមន្រ្តីសង្ឃ ដែលតែងតែដឹកនាំសកម្មភាពសាសនា និងពិធីបុណ្យផ្សេងៗ តាមវត្តអារាម នៅក្នុងខេត្ត ដើម្បីពង្រឹងថែមទៀតនូវការគាំទ្រអំពីសំណាក់ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានប្រឹងអស់កម្លាំងកាយចិត្តតស៊ូ ដើម្បីផ្តួលរំលំរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្តូរយកមកវិញនូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ និងប្រជាជន ព្រមទាំងអភិវឌ្ឍន៍ នូវចក្រទាំងពីរ គឺវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ឱ្យមានការរីកចម្រើន គួរឱ្យមានមោទនភាពជាទីបំផុត ។

បន្ថែមពីនេះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានថ្លែងនូវរបាយការណ៍ សង្ខេប ស្ដីពីស្ថិតិព្រះពុទ្ធសាសនា និងសាលាពុទ្ធិកសិក្សាទាំងបីកម្រិត ក្នុងខេត្តត្បូងឃ្មុំ៖

-វត្តអារាម មានសរុបចំនួន ២៥៥ វត្ត ក្នុងនោះមានព្រះសង្ឃសរុបចំនួន ៣០៧៤ អង្គ

-សាលាពុទ្ធិកសិក្សាទាំងបីកម្រិត មានសរុបចំនួន ១១ កម្រងស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនាដែលប្រទេសគោរព ព្រះពុទ្ធសាសនា និងពុទ្ធមាមកជន នៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន។

ពិធីបុណ្យនេះ គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ ព្រះបរិនិព្វាន។ ពុទ្ធសាសនិកខ្មែរយើងតែងតែប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាងកុសលដ៏ថ្លៃថ្លាបំផុត ។

បន្ថែមលើនេះទៀត លោកបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ ចំពោះ លោកតា លោកយាយ ពុទ្ធបរិស័ទ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងយុវជន សិស្សានុសិស្សទាំងអស់ សូមឱ្យប្រព្រឹត្តតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ជាពិសេស យុវជន សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី សូមជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ និងទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខ ឱ្យបានគ្រប់គ្នាៗ។