(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយនៅវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់បេសកកម្មការងារលើទឹកដីអាមេរិកប្រកបដោយភាពជោគជ័យ និងពោរពេញដោយកិត្តិយសជាទីបំផុត។

សម្តេចតេជោ ហ៊ុន សែន បានដឹកគណៈប្រតិភូអញ្ជើញទៅកាន់ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ តបតាមការអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក អបអរសាទរខួប ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-អាមេរិក។

ក្នុងបេសកកម្មលើទឹកដីអាមេរិកនេះ ក្រៅតែពីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយប្រធានាធិបតីអាមេរិកទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ាន-អាមេរិក ហើយក៏បានដឹកនាំមេដឹកនាំប្រទេសសមាជិកអាស៊ាន ចូលរួមប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស និងពិភាក្សាការងារជាសមាជិកសភាអាមេរិកផងដែរ។

ក្រៅតែពីនេះ សម្តេចតេជោ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកមួយចំនួនផង​ដែរ។

ក្នុងបេសកកម្មលើទឹកដីអាមេរិកនេះ សម្តេចតេជោ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ប្រមាណជា ២ពាន់នាក់។

ដំណើរបេសកកម្មនៅអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានគេកត់សម្គាល់ថា នាំមកនូវលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់សម្រាប់ក្របខណ្ឌអាស៊ាន ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃចំណងទំនាក់ទំនងរវាងអាស៊ាន-អាមេរិក។

បន្ថែមពីលើនេះបេសកកម្មរបស់សម្តេចតេជោលើទឹកដីអាមេរិកនាពេល ក៏ជាត្រូវបានឃើញថា ជាផ្លែផ្កាល្អមួយក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកផងដែរ។ វត្តមានរបស់សម្តេចលើទឹកដីអាមេរិក ក៏ត្រូវបានមើលឃើញថា ជាមោទនភាព និងប្រកបដោយកិត្តិយសបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល៕