(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច និងលោកឧកញ៉ា អែល សារ៉ុម នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បាននាំយកសារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាចំនួន៦៥០០ដុល្លារ ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ នៅភូមិទងត្រឡាច នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បើយោងតាមលោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា សមិទ្ធផលជាច្រើននៅមូលដ្ឋានរបស់លោកបានកើតឡើង តាមរយៈលោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារដែលជានិច្ចជាកាលបានចុះសាកសួរសុខទុក្ខ ឧបត្ថម្ភការកសាងឡើងនូវសមិទ្ធផលរហូតទទួលបានការកោតសសើរនិងការស្រឡាញ់អំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច។

លោក ចាស់ ជឿន បានបន្តថា មានសមាជិកថ្មីប្រមាណ៣៥នាក់ បានមកពីគណះបក្សភ្លេីងទៀនបានសូមចូលរួមរស់ជាមួយគណៈប្រជាជននៅក្នុងឃុំទងត្រឡាច។

លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្តិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ឡូវ ហ៊ឺង ក៏បានលើកយកពីការចាក់វ៉ាក់ស៉ាំងមកបញ្ជាក់ជូនប្រជាពលរដ្ឋថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវ ការបញ្ជាទិញ ការទទួលជំនួយពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្តជាពិសេសរបស់មិត្តចិនទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌ វ៉ាក់សាំង ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឧកញ៉ា ឡូវ ហ៉ឹង បានអំពាវនាវសូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព៕