(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតនេះ សម្តេចក្រឡាហោម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃ ក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះដំណឹងដ៏សោកសង្រេង នៃមរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលឯកឧត្តម បានទទួលមរណភាព សម្តេចបានចាត់ទុកថា មរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលជាច្រើន បម្រើដល់ការស្ដារ កសាង និងអភិវឌ្ឍសង្គមជាតិ ។

ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ សម្តេចក្រឡាហោម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រី នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន សូម បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕