(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន Fresh News បានចាប់បដិសន្ធិបាន៨ឆ្នាំហើយ។ ថ្ងៃកំណើតនៃការកកើតបណ្តាញផ្សព្វផ្សាយព័ត៌មានដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជានេះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន តែងតែនាំបុគ្គលិកធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីនាំភាពសប្បាយរីករាយជូនដល់បុគ្គលិកគ្រប់រូប។

រយៈពេល២ឆ្នាំមកហើយ ដែលអង្គភាពមានព័ត៌មាន Fresh News បានខកខានការរៀបចំដំណើរកម្សាន្តនៅថ្ងៃកំណើតរបស់ខ្លួន ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។ ថ្ងៃកំណើតឆ្នាំនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ Fresh News ក៏បានបន្តដំណើរកម្សាន្តជូនបុគ្គលិករបស់ខ្លួនឡើងវិញផងដែរ។

ខេត្តព្រះសីហនុ ខេត្តឆ្នេរសមុទ្រ និងដែនកោះដ៏ស្រស់បំព្រង រួមជាប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវដ៏វិចិត្រទើបសាងសង់រួចរាល់នោះ បានក្លាយជាគោលដៅសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃខួបកំណើតរបស់ Fresh News។ ដំណើរកម្សាន្តក្នុងថ្ងៃកំណើតរបស់ Fresh News នៅឆ្នាំនេះ ក៏ជាដំណើរដែលមានអ្នកចូលរួមច្រើនជាងបណ្តាឆ្នាំកន្លងទៅផងដែរ។

បុគ្គលិកបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានត្រឹមជាង១៣០នាក់ប៉ុណ្ណោះ តែដំណើរកម្សាន្តត្រូវបានលោក លឹម ជាវុត្ថា បើកទូលាយ ពោលគឺអនុញ្ញាតឱ្យបុគ្គលិកទាំងអស់អាចនាំភរិយា ស្វាមី ឪពុកម្តាយ ក្រុមគ្រួសារសាច់ញាតិ និងគូសង្សាមកលេងកម្សាន្តជាមួយផងដែរ។ ដូច្នេះធ្វើដំណើរកម្សាន្តនៅឆ្នាំនេះ មានអ្នកចូលរួមរហូតដល់ទៅជាង២៥០នាក់។ ខួប៨ឆ្នាំនេះ Fresh News ក៏បានចែកថវិកាជូនបុគ្គលិកម្នាក់ៗចំនួន២០០ដុល្លារផងដែរ។

លើឆ្នេរសមុទ្រកោះរុងសន្លឹម ពីរថ្ងៃ មួយរាត្រី បាននាំមកនូវស្នាមញញឹម និងភាពរីករាយយ៉ាងក្រៃលែងសម្រាប់លោកអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារ។ ក្រៅតែពីការស្រស់ស្រូបអាហារជុំគ្នា កម្មវិធីកម្សាន្តជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីញ៉ាំងភាពសប្បាយរីករាយ និងសាងនូវអនុស្សាវរីយ៍សម្រាប់បុគ្គលិកគ្រប់រូប។ ក្រៅតែពីកម្សាន្តនៅលើកោះរុងសន្លឹមហើយនោះ លោកអគ្គនាយក លឹម ជាវុត្ថា ក៏បាននាំថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ធ្វើដំណើរទស្សនាហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើននៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យពួកគេបានឃើញនូវភាពរីកចម្រើននៅខេត្តជាប់សមុទ្រមួយនេះ។

សូមបញ្ជាក់ថា Fresh News ជាបណ្តាញផ្សព្វផ្សាយបែបទំនើបក្នុងយុគ្គសម័យនៃការរីកចម្រើនផ្នែកឌីជីថល ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ Fresh News ត្រូវបង្កើតឡើងដោយលោក លឹម ជាវុត្ថា និងសហស្ថាបនិករបស់លោក គឺលោក គឹម ម៉េង។

Fresh News ត្រូវបានបង្កើតឡើងដោយប្រើមធ្យោបាយបែបទំនើបដោយបញ្ជូនព័ត៌មានទៅដល់ទូរស័ព្ទរបស់មិត្តអ្នកអានរបស់ខ្លួនតែម្តង។ បើទោះបី Fresh News ចាប់កំណើតក្នុងពេលមានការប្រកួតប្រជែង និងប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងជាមួបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គម Facebook ក្តី តែអង្គភាពព័ត៌មាន ដែលទទួលបានការគាំទ្រពីអ្នកអានគ្រប់ឋានានុក្រម និងស្រទាប់វណ្ណៈមួយនេះ នៅតែអាចបន្តឈរជើងដោយភាពរឹងមាំ។

មិនត្រឹមតែអាចឈរជើងដោយរឹងភាពរឹងមាំប៉ុណ្ណោះទេ តែ Fresh News ក្រោមការដឹកនាំរបស់លោក លឹម ជាវុត្ថា បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ និងកាន់តែសម្បូរបែប ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអ្នកអានក្នុងការទទួលព័ត៌មាន។ ផ្តើមចេញពីការផ្សព្វផ្សាយត្រឹមវេបសាយ និង App ពេលបច្ចុប្បន្ន Fresh News បានពង្រឹកការផ្សាយតាមទូរទស្សន៍ខ្សែកាប្លិ៍ និងផ្សាយតាមរយៈផ្កាយរណបគ្របដណ្តប់ទូទាំងប្រទេស ហើយក៏ផ្សាយទៅកាន់ Facebook មានចំនួន 4.2M, Facebook Fresh News TV ចំនួន 2M, YouTube មានចំនួនជិត 700K និង Telegram មានចំនួន70K។ មិនត្រឹមតែផ្សាយជាខេមរភាសាប៉ុណ្ណោះទេ Fresh News ក៏បានផ្សាយជាភាសាអង់គ្លេស និងភាសាចិនផងដែរ។

អ្វីដែលជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានប្រកបដោយភាពរីករាយ សម្រាប់ស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបនោះ Fresh News ដែលចាប់កំណើតក្រោមដំបូលអគារជួល ដើម្បីប្រតិបត្តិការងារ បានផ្លាស់មកនៅអគារផ្ទាល់ខ្លួនក្នុងឆ្នាំ២០២០។

ក្នុងឱកាសប្រារព្ធខួប៨ឆ្នាំ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក Fresh News បានបង្ហាញក្តីរីករាយជាខ្លាំង។ នៅចំពោះមុខថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប លោក លឹម ជាវុត្ថា បានគូសបញ្ជាក់ថា «យើងបានរួមរស់ជាមួយគ្នារយៈពេល៨ឆ្នាំហើយ។ ភាពជោគជ័យរយៈពេល៨ឆ្នាំមកនេះ គឺជាចំណែកស្មើៗគ្នារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប»

លោកអគ្គនាយក លឹម ជាវុត្ថា បានបន្ថែមថា «ខ្ញុំមិនអាចដឹកនាំអង្គភាពនេះឱ្យរីកចម្រើនលូតលាស់បែបនេះបានឡើយ បើមិនមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបទេនោះ»

លោកអគ្គនាយកដែលដឹកនាំអង្គភាពដោយអនុវត្តន៍តាមគោលការណ៍ «ទឹកគូត្រី ស្រមោចគូស្ក» បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»

ក្នុងឱកាសខួប៨ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលផ្តល់ការគាំទ្រផ្សព្វផ្សាយលើ Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យ Fresh News អាចឈរជើងរឹងមាំលើការផ្សព្វផ្សាយ និងផ្តល់ការងារជូនបុគ្គលិកជាង១៣០នាក់៕