(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ នៅក្នុងពិធីសម្ពោធសមិទ្ធផលទីស្នាក់ការបក្សប្រជាជនឃុំផ្តៅជុំ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា កម្ពុជាបានអនុវត្តន៍ប្រជាធិបតេយ្យយ៉ាងទៀងទាត់ តាមរយៈការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន គឺមិនដែលអាកខានម្តងណាឡើយ។

តំណាងរាស្ត្ររូបនេះ ក៏បានអំពាវនាវ និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលតែងរៀបចំឡើងក្នុងរយៈពេល៥ឆ្នាំម្តង ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឲ្យបានកាន់តែរីកចម្រើន។

តំណាងរាស្ត្រ ម៉ា ឈឿន បានគូសបញ្ជាក់ទៀតថា ពីមួយអាណត្តិទៅមួយអាណត្តិ ការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា មានការរីកចម្រើន និងកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជាយើង។

លោកបានបន្តថា ការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជាយើងអាចដំណើរការទៅបាន ក៏អាស្រ័យដោយកត្តាធំៗមួយចំនួន រួមមានសុខសន្តិភាព និងស្ថេរភាពនយោបាយក្រោមការខិតខំប្រឹងប្រែងដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ។

លោកបណ្ឌិតបានលើកឡើងទៀតថា ដោយសារសន្តិភាពនេះហើយ ដែលនាំសង្គមជាតិរបស់យើងឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានសិទ្ធិសេរីភាពពេញលេញ ទាំងការប្រកបការងារ និងការបញ្ចេញមតិយោបល់ដោយមិនមានការរិតត្បិត ឬកៀបសង្កត់អ្វីឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមពង្រឹងសន្តិភាពឲ្យបានរឹងមាំ និងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំពន្យល់ប្រជាពលរដ្ឋ ឲ្យមើលឃើញពីតម្លៃសុខសន្តិភាព និងរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីភាពសុខដុមរមនាក្នុងការរស់នៅ ការអភិវឌ្ឍន៍រីកចម្រើន ប្រទេសជាតិ និងប្រជាជនមានជីវភាពធូរធារ។

តំណាងរាស្ត្ររូបនេះបានបន្ថែមថា តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់នូវជោគវាសនាអនាគតរបស់បងប្អូននៅតាមមូលដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូល ពីព្រោះថាការសម្រេចចិត្តខុស នឹងនាំប្រទេសជាតិរកភ្លើងសង្គ្រាម និងមហន្តរាយដល់ប្រទេសជាតិ តែប្រសិនបើសម្រេចចិត្តត្រូវ នឹងធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ។

ជាមួយគ្នានេះដើម្បីការរស់នៅប្រកប ដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញសន្តិភាព, ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតតាមរយៈការធ្វើបាតុកម្មក្តី ការធ្វើបដិវត្តន៍ពណ៌ក្តីដាច់ខាតមិនត្រូវឲ្យកើតមាន ព្រោះជាការបំផ្លាញនូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ទន្ទឹមនឹងនោះ លោកបណ្ឌិតសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីសម្តេចតេជោ មានឱកាសបន្តដឹកនាំសង្គមជាតិឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ជាមួយនឹងការធានាបាននូវសុខសន្តិភាពយូរអង្វែង សម្រាប់ប្រទេសជាតិរបស់យើង៕