(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សក្រសួងត្រូវក្តាប់យុទ្ធសាស្រ្តរបស់គណបក្សឱ្យជាប់ និងអនុវត្តយុទ្ធសាស្ត្រទាំងនោះឱ្យបានល្អបំផុតចំពោះប្រជាជន ដោយផ្អែកលើអំពើល្អ គុណភាព ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តគាំទ្រគណបក្សប្រជាជន និងឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

ការថ្លែងបែបនេះរបស់លោក អ៉ិត សំហេង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រមាណជិត៣,០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលមហាស្រពកោះពេជ្រ។

បើតាមរបាយការណ៍ស្វាគមន៍របស់លោក ប្រាក់ ចាន់ធឿន ប្រធានគណៈឃោសនាអប់រំបានលើកឡើងពីការខិតខំបំពេញតួនាទីក្នុងការគ្រប់គ្រងសមាជិក-សមាជិកាបក្សនៅតាមសាខាគណបក្ស និងអនុសាខាគណបក្សនីមួយៗ និងការបញ្ចូលបន្ថែមសមាជិកបក្សថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងពង្រីករចនាសម្ព័ន្ធបក្សទាំងក្នុង និងក្រៅប្រទេស ពង្រឹងពង្រីកសមាជិក-សមាជិកាបក្សជាមួយកម្មករនិយោជិតក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ពលករក្រៅប្រទេស ហើយបានខិតខំយកចិត្តទុកដាក់ អប់រំ អូសទាញសតិអារម្មណ៍ ជឿជាក់ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជាឥតងាករេ។ សកម្មភាពទាំងនេះអាចវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកាគណបក្សទាំងអស់ ដែលមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ដោយបានចូលរួមចំណែកទាំងថវិកា និងកម្លាំងកាយចិត្តបំពេញការងារទៅតាមការណែនាំរបស់គណបក្សថ្នាក់លើ និងចូលរួមគ្រប់សកម្មភាពនានារបស់គណបក្ស ជាក់ស្តែងនៅក្នុងដំណាក់កាលឈានដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ ដែលគ្រប់សមាជិកបក្សទាំងអស់សុទ្ធតែមានភារកិច្ចទទួលខុសត្រូវ ខិតខំប្រឹងប្រែងក្នុងការចុះមូលដ្ឋានយ៉ាងសកម្មនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

ក្នុងឱកាសនោះ លោក អ៉ិត សំហេង បានស្នើដល់សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវក្តាប់យុទ្ធសាស្រ្តរបស់គណបក្សឱ្យជាប់ ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្ស ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តគាំទ្រគណបក្សប្រជាជន និងឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោកក៏បានបន្តជំរុញការងារចិញ្ចឹមចលនានៅមូលដ្ឋាន ថែទាំសតិអារម្មណ៍របស់មហាជនជាប់ជាប្រចាំ យកចិត្តទុកដាក់ផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀតអំពីការរីកចម្រើន និងភាពអំណោយផលរបស់ជាតិ ដែលគណបក្សបានខិតខំ ដើម្បីពង្រឹងជំនឿ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនាអកុសលគ្រប់បែបយ៉ាងរបស់ពួកប្រឆាំង។

ព្រមជាមួយនោះ ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងតាមទិសស្លោក «សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក» ដោយយកចិត្តទុកដាក់បង្កលក្ខណៈឱ្យសមាជិកគណបក្សម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក អ៉ិត សំហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិបានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ធ្វើឱ្យកម្ពុជាអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមឡើងវិញ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស គ្រឹះស្ថានអាចដំណើរការបានប្រកបដោយនិរន្តរភាព ធានាបាននូវច្រវាក់ផលិតកម្ម ផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនកម្មករនិយោជិត ដែលសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិនឹងបន្តកើនឡើងថែមទៀត៕